កញ្ញា តាំង គីមប៊ួយ អគ្គនាយិកាក្រុមហ៊ុនខេមបូភូរ៉ា ក្លាស ខូអិលធីឌី (CPG) និងជាកូនស្រីឧញ៉ា ហេង សៀ និង លោកជំទាវ សៀម ជូ បានចូលរួមថវិកា ២ ០០០ ដុល្លារ គាំទ្រកម្មវិធីសំអាតមីននៅកម្ពុជា។
ក្រោយការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល មានឧកញ៉ា មហាសេដ្ឋី និងអ្នកជំនួញតូចធំ បានចូលរួមថវិកាជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធនិងបញ្ចប់ឲ្យអស់នៅបញ្ហាគ្រាប់មីននៅកម្ពុជា។
គិតមកដល់ពេលនេះ រដ្ឋាភិបាលបានទទួលថវិកាជិត ១៥ លានដុល្លារ សម្រាប់ជំនួយដោះមីនដែលទទួលបានពីសប្បុរសជន។
តាមរបាយការណ៍របស់អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០២២ ការបោសសម្អាតមីន នៅទូទាំងប្រទេស សម្រេចបានផ្ទៃដីចំនួន ២ ៤១០ ២៤៦ ៥៦២ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១ ១៤០ ៧៩៤គ្រាប់ មីនតោនចំនួន ២៦ ០៤៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០០៣ ៨៣៥គ្រាប់។ ដោយឡែកផ្ទៃដីដែលនៅសល់ ចំនួន ១ ៩៩០ គីឡូម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ១៤ ១២១ចម្ការ) នឹងត្រូវបោសសម្អាតឲ្យអស់នៅប៉ុន្មានឆ្នាំខាងមុខនេះ៕