អ្នកវិភាគសេដ្ឋកិច្ច លើកឡើងថា រដ្ឋាភិបាលត្រូវគិតគូរពីផលិតកម្ម វិស័យកសិកម្ម ហើយប្រជាពលរដ្ឋខ្លួនឯងត្រូវចូលរួមកាត់បន្ថយការចំណាយលើការប្រើប្រាស់ ពិសេសប្រេងឥន្ទនៈនៅក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចសកលកើតឡើង ក្រោយសង្គ្រាមរុស្សុី-អ៊ុយក្រែនអូសបន្លាយពេលយូរតទៅទៀត។

បញ្ហាសេដ្ឋកិច្ចសកល និងការសម្រុកបញ្ចេញមាសឡើងចង់ជុញទៅក្នុងទីផ្សារអន្តរជាតិ ពីសំណាក់បណ្ដាប្រទេសធំៗជុំវិញពិភពលោក បានញឹងឱ្យតម្លៃមាសនាប៉ុន្មានថ្ងៃកន្លងមកនេះបន្តធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់។ ដោយឡែក ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១១ ខែកក្កដាម្សិលមិញ បានចេញសេចក្ដីជូនដំណឹងថ្មីចុងក្រោយពីតម្លៃប្រេងឥន្ទនៈលក់រាយនៅទូទាំងប្រទេស ដោយប្រេងសាំងធម្មតាមានតម្លៃ ៥ ២៥០ រៀល ក្នុង ១ លីត្រ ខណៈប្រេងម៉ាស៊ូត ធ្លាក់មកនៅត្រឹម ៥ ៦០០ រៀល ក្នុង ១ លីត្រ។

អ្នកវិភាគសេដ្ឋកិច្ច បណ្ឌិត គី សិរីវឌ្ឍ ប្រធាននៃមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា ស្នើឲ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ ជាពិេសសពាក់ព័ន្ធប្រេងឥន្ទនៈដែលជាដើមហេតុធ្វើឲ្យថ្លៃប្រេងមានការកើនឡើង បើទោះបីមួយរយៈចុងក្រោយនេះតម្លៃប្រេងបានធ្លាក់ចុះក៏ដោយ នៅតែមានភាពមិនប្រាកដប្រជាច្បាស់នៅឡើយ។

លោកថ្លែងថា៖ «សម្រាប់រដ្ឋាភិបាលត្រូវរៀបចំយុទ្ធសាស្រ្តរយៈពេលវែង ពីព្រោះកម្ពុជានៅតែអាចអភិវឌ្ឍវិស័យអចលនទ្រព្យ ហើយរដ្ឋយកចិត្តទុកដាក់ទៅលើការពុះឡូតិ៍ ធ្វើផ្ទះល្វែងលក់ដោយមិនគិតពីផលិតកម្មនៅក្នុងស្រុក និងមិនគិតវិស័យកសិកម្មនោះទេយើងនៅតែនាំចូល ហើយគ្មានអ្វីទទួលទានទេ ខណៈពេលដែលមានវិបត្តិកើតឡើង»។

កាលពីចុងខែមិថុនា លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា បានបញ្ជាក់ក្នុងរបាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ថា ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និងស្បៀងអាហារលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឱ្យកាន់តែធំ ហើយនៅកម្ពុជា គ្រួសារក្រីក្រ និងងាយរងគ្រោះដែលមិន សូវមានប្រាក់សន្សំទំនងជាត្រូវរងទម្ងន់នៃផលលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងនេះ។

លោកស្រីថ្លែងថា៖ «ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារពិភពលោកដោយសារសង្គ្រាមនៅអ៊ុយក្រែន កំពុងតែថែមទម្ងន់នៃការលំបាកទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឱ្យការកាត់បន្ថយភាពក្រីក្រ ថមថយល្បឿន»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គី សេរីវឌ្ឍ បន្ថែមថា ចំពោះការកើនឡើងនៃអតិផរណា ដោយសារតម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះនៅមានតិចតួចនោះទេ អ្វីដែលគួរឱ្យបារម្ភជាងនេះទៀតនោះ គឺការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា ដោយសារតែរោងចក្រអគ្គិសនីមួយចំនួននៅប្រើប្រេងឥន្ធនៈនៅឡើយ ដែលធ្វើឱ្យរដ្ឋាភិបាលត្រូវចេញខាតថ្លៃប្រេង ដើម្បីធ្វើយ៉ាងណាឱ្យមានស្តុកគ្រប់គ្រាន់សម្រាប់ការផលិតអគ្គិសនី ដើម្បីរក្សាថ្លៃអគ្គិសនីមិនឱ្យកើនឡើង៕