អាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) បានចុះកិច្ចសន្យាជាមួយគ្នាលើការងារបោសសម្អាតមីនឲ្យអស់ក្នុងខេត្តត្បូងឃ្មុំ ដោយគ្រោងចំណាយថវិកាសរុបចំនួនជាង៧៦ម៉ឺនដុល្លារអាមេរិក និងប្រើប្រាស់រយៈពេល៦ខែ ដែលចាប់ផ្តើមប្រតិបត្តិការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ តទៅ។
ពិធីចុះកិច្ចសន្យាលើការងារបោសសម្អាតមីនក្នុងខេត្តត្បូងឃ្មុំ រវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) បានធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរមីនកាលពីថ្ងៃទី១១ ខែកក្កដា។
លោក លី ធុជ ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១អាជ្ញាធរមីន បានបញ្ជាក់ថា ថវិកាដែលគ្រោងចំណាយនេះ នឹងត្រូវចំណាយលើ ការចុះផ្ទៀងផ្ទាត់ផ្ទៃដីជាមុន ត្រួតពិនិត្យគុណភាព ក្នុងកំឡុងពេលប្រតិបត្តិការបោសសម្អាត និងការងារបោសសម្អាតមីនទាំងស្រុង។
លោក លី ធុជ បានបន្តថា បន្ទាប់ពីក្រុមការងារបច្ចេកទេសអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាព បានចុះពិនិត្យនិងវាយតម្លៃរួមគ្នា តាមវិធីសាស្រ្តផ្ទៀងផ្ទាត់ការប្រើប្រាស់ផ្ទៃដីមានមីនជាក់ស្តែង ឃើញថាមានផ្ទៃដីចំនួនជិត៤លានម៉ែត្រក្រឡានឹងត្រូវបោសសម្អាតគ្រាប់មីនឲ្យអស់ក្នុងខេត្តត្បូងឃ្មុំ ។
លោក លី ធុជ បានបញ្ជាក់ទៀតថា ក្រៅពីការងារបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ ក្រុមការងារអាជ្ញាធរមីន កំពុងធ្វើការជាមួយក្រុមការងារកងទ័ពជើងគោក ចុះពិនិត្យ និងវាយតម្លៃស្ថានភាពចម្ការមីននៅស្រុកឧដុង្គ និងស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការក្នុងពេលឆាប់ៗខាងមុខផង ដែរ។
គួរបញ្ជាក់ថា កម្ពុជាត្រូវការថវិកាប្រមាណ ៩០លានដុល្លារ ដើម្បីបោសសម្អាតមីនដែលនៅសេសសល់លើផ្ទៃដីប្រមាណជិត២ពាន់គីឡូម៉ែត្រក្រឡា ដោយតាមការប៉ាន់ប្រមាណសម្រាប់ការងារបោសសម្អាតមីនក្នុងមួយម៉ែត្រក្រឡា ត្រូវប្រើថវិកាចន្លោះពី៩០០រៀលទៅ១ពាន់រៀល ។
អាជ្ញាធរមីនកម្ពុជា បានប្រកាសដាក់ផែនការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យអស់ពី ខេត្តត្បូងឃ្មុំ ខេត្តតាកែវ និងខេត្តកំពត យ៉ាងយូរនៅត្រឹមឆ្នាំ២០២៣។ ក្នុងនោះអាជ្ញាធរមីនកម្ពុជា បានប្រគល់ការងារបោសសម្អាតមីនក្នុងខេត្តត្បូងឃ្មុំជូនកងទ័ពមួកខៀវ ជាអ្នកទទួលខុសត្រូវ រីឯខេត្តតាកែវ និងខេត្តកំពត ប្រគល់ជូនអង្គភាពស៊ីម៉ាក។