អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីសុទិដ្ឋិនិយមចំពោះវិស័យអចលនទ្រព្យកម្ពុជា ដោយមើលឃើញថា វិស័យនេះនឹងនៅតែបន្តភាពរីកចម្រើនទៅមុខ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មើលឃើញថា តម្លៃអចលនទ្រព្យនឹងបន្តឡើងថ្លៃពី ១០% ទៅ ១៥% ប្រចាំឆ្នាំ ដោយផ្នែកលើ កត្តាចំនួន ៣ ក្នុងនោះរួមមាន វិស័យលំនៅដា្ឋន វិស័យដីធ្លី និងប្រតិបត្តិការទិញ និងជួលដែលនឹងបន្តមានដំណើរការយ៉ាងសកម្មនៅពេលអនាគត។
ទន្ទឹមនឹងការលើកឡើងនេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ ក៏បានបញ្ជាក់ថា សម្រាប់អ្នកវិនិយោគ មុននឹងធ្វើការវិនិយោគលើវិស័យអចលនទ្រព្យ គឺចាំបាច់ត្រូវមើលទៅលើ៤ចំណុចរួមមាន៖ ទី១៖ ព័ត៌មានអំពីទីតាំងដែលត្រូវវិនិយោគឲ្យបានច្បាស់លាស់ ទី២៖ សិក្សាឲ្យបានច្បាស់លើប្លង់មេរបស់រាជរដ្ឋាភិបាល ឬក៏ផែនការរបស់សាលាក្រុង, ទី៣៖ វិភាគលើធម្មជាតិ តើតំបន់នោះបើមិនទាន់មានការអភិវឌ្ឍទៅ តើតំបន់នោះធម្មជាតិ អាចអំណោយផលដល់ការវិនិយោគលើវិស័យអចលនទ្រព្យដែលឬទេ? និងទី៤៖ មើលលើទុនវិនិយោគ ដែលនឹងត្រូវវិនិយោគនៅតំបន់នោះ តើវាសាកសមដែលឬទេ?។
យ៉ាងណា លោកប្រធានសមាគម បានអះអាងថា បើសិនជាអ្នកវិនិយោគដឹងមុន និងច្បាស់លាស់ពីចំនុចទាំង៤ខាងលើនេះ ពិសេសត្រូវច្បាស់ទីតាំង ឬតំបន់ដែលចង់វិនិយោគ ដើម្បីការពារនូវហានិភ័យ ពិសេសជៀសវាងលើការចំណាយប្រាក់លើការវិនិយោគអចលនទ្រព្យខុសគោលដៅ ហើយខាតបង់ថែមទៀត៕ អត្ថបទ៖សិរីកា