អាជ្ញាធរខេត្តព្រះសីហនុ បានផ្អាកចរាចរបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ។
ការផ្អាកនេះដោយសារតែមកដល់ម៉ោង៤:១៥នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ កម្រិតជំនន់ទឹកភ្លៀងបានកើនឡើងជាលំដាប់ ហើយបានជន់លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ។ ស្ថានភាពបែបនេះមិនអាចអនុញ្ញាឱ្យ យានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ។
ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពាន កុំឱ្យ មានការបាក់ស្រុត ធានាប្រើប្រាស់បានយូរអង្វែង រដ្ឋបាលខេត្តព្រះសីហនុ បានផ្អាកចរាចរបណ្តោះ អាសន្នចំពោះយានយន្តគ្រប់ប្រភេទ ត្រង់ចំណុចគីឡូម៉ែត្រ លេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរ បាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំក្នុងករណីក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជន មានបំណងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅមកខេត្តព្រះសីហនុ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ៣ជំនួសវិញ៕ អត្ថបទ៖ ពុធិកា