សិស្សមន្ត្រីជាន់ខ្ពស់ របស់សាលាភូមិន្ទរដ្ឋបាលម្នាក់ឈ្មោះ សន ហុងសេង បានទទួលការតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះបើយោងតាមប្រកាសតែងតាំង ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងខ្លឹមសារនៃប្រកាសខាងលើ បានសម្រេចតែងតាំងលោក សន ហុងសេង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ។ មុនទទួលបានការតែងតាំងនេះ លោក សន ហុងសេង គឺជាមន្ត្រីម្នាក់បម្រើការនៅសាលាខេត្តកណ្តាល បន្ទាប់ពីរៀនចប់វគ្គសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ ពីសាលាភូមិន្ទរដ្ឋបាល កាលដើមឆ្នាំ២០២០។

សម្រាប់ប្រវត្តិសិក្សា យុវជនវ័យ២៧ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងរូបនេះ បានបញ្ចប់បរិញ្ញាបត្រពីរគឺ បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស មកពីសាកលវិទ្យាល័យវេស្ទើន កាលឆ្នាំ២០១៧ និងបរិញ្ញាបត្រជំនាញរដ្ឋបាលសាធារណៈ ព្រមទាំងអនុបណ្ឌិតជំនាញរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០២០។



រីឯដំណើរឈានចូលអាជីពជាអ្នករាជការ លោក សន ហុងសេង បានប្រឡងជាប់ជា «សិស្សមន្ត្រីក្រមការជំនាន់ទី៧» កាលឆ្នាំ២០១៧ និងបន្តប្រឡងជាប់វគ្គ «សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០» ជំនាញរដ្ឋបាលសាធារណៈ ដែលតម្រូវឱ្យបន្តសិក្សារយៈពេល២ឆ្នាំទៀត នៅសាលាភូមិន្ទរដ្ឋបាល ចន្លោះឆ្នាំ២០១៨-២០២០។ ក្រោយសិក្សាចប់២ឆ្នាំ ជាមួយនឹងលទ្ធផលល្អឥតខ្ចោះ (ចំណាត់ថ្នាក់លេខ១ ប្រចាំជំនាញ) លោក ហុង សេង ក៏មានឱកាសចាប់ប៉ុស្តិ៍ចូលបម្រើការងារនៅក្រសួងមហាផ្ទៃ និងសម្រេចជ្រើសរើសទៅបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៃរដ្ឋបាលខេត្តកណ្តាល៕