រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២២ បានបើកឱ្យចរាចរឡើងវិញនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ត្រលេខ ១១៥-១១៦ ក្រោយពីកម្រិតជំនន់ទឹកភ្លៀងដែលជន់លិចកាលពីម្សិលមិញ បានស្រកចុះជាបណ្តើរៗស្រកផុតពីផ្លូវ។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានណែនាំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ចូនដោយរថយន្ត និងសាធារណជន សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ យោគយល់អធ្យាស្រ័យ និងចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចឱ្យបានល្អប្រសើរ។
គួរបញ្ជាក់ថា ដោយសារជំនន់ទឹកភ្លៀង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរខេត្តព្រះសីហនុ បានផ្អាកចរាចរបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ។
ស្ថានភាពទឹកហូរជន់លិចផ្លូវ មិនអាចអនុញ្ញាឱ្យ យានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានរដ្ឋបាលខេត្តព្រះសីហនុ ក៏បានណែនាំក្នុងករណីក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជន មានបំណងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅមកខេត្តព្រះសីហនុ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ៣ជំនួសវិញ៕