សេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក នឹងអនុម័តឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

សេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក នឹងឈានទៅអនុម័តនាពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) កំពុងពន្លឿនការប្រមូលធាតុចូលបន្ថែម លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដែលដឹកនាំដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ស្ថាប័នពាក់ព័ន្ធ ប្រមាណ១០០រូប កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនោះ លោក សុខ ចិន្តាសោភា បានឲ្យដឹងថា សេចក្តីព្រាងផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា បាននិងកំពុងបន្តពិនិត្យ និងពិភាក្សា ដើម្បីប្រមូលធាតុចូលបន្ថែម ធ្វើយ៉ាងណាឱ្យសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ។

លោកថា រាជរដ្ឋាភិបាលកំណត់យកវិស័យយានយន្ត និងអេឡិចត្រូនិក ជាវិស័យអាទិភាព ក្នុងទិសដៅប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក សម្រាប់ការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល ក៏ដូចជាការលើកកម្ពស់ ការធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ។

លើសពីនេះ លោកបានបញ្ជាក់ដែរថា ចំពោះការចូលរួមផ្តល់ធាតុចូល និងបានកំណត់យកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ សម្រាប់ប្រមូលធាតុចូលចុងក្រោយ ដើម្បីទុកលទ្ធភាពឱ្យលេខាធិការដ្ឋាន IDP នៃ ក.អ.ក ពិនិត្យកែសម្រួល និងបញ្ចប់សេចក្តីពា្រងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជានេះ រួចដាក់ឆ្លងកិច្ចប្រជុំ គ.ស.ហ.មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏បានផ្តល់នូវធាតុចូលបន្ថែម លើសេចក្តីព្រាងព្រាងផែនទីបង្ហាញផ្លូវ និងបានបង្ហាញនូវជំហរគាំទ្រឯកសារនេះថា ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមាគ៌ាដែលបានដាក់ចេញនៅក្នុង ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣៕