របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន បានរួមចំណែកយ៉ាងសំខាន់បំផុត ពិសេសនឹងជួយបង្កើនផលិតភាពក្នុងសហគ្រាស និងគ្រឹះស្ថាននានានៅកម្ពុជាកាន់តែប្រសើរឡើង។នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ ទៅដល់ថ្នាក់ដឹកនាំសហជីព កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
ក្នុងឱកាសនោះ ឯកឧត្តម អ៉ិត សំហេង បានលើកឡើងថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន បានរួមចំណែកក្នុងការបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំបំពេញការងារប្រកបដោយស្ថិរភាព និងភាពយូរអង្វែងរបស់កម្មករនិយោជិត ឈានដល់ការបង្កើតផលិតភាពជូនសហគ្រាស គ្រឹះស្ថានរបស់ខ្លួន។ឯកឧត្តមថា របបសន្ដិសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺឱ្យកម្មករនិយោជិតទាំងអស់ក្នុងវិស័យឯកជនទទួលបានប្រាក់ចូលនិវត្តន៍នៅពេលចាស់ធ្វើការលែងកើត ដូចទៅនឹងមន្រ្តីរាជការដែរ។
ជាមួយគ្នានេះ ឯកឧត្តមបន្តថា ការបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នេះឡើង គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេច ហ៊ុន សែន ក្នុងន័យកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា។
យ៉ាងណា ឯកឧត្តមថា ចំពោះការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធន មិនមែនជាការស័្មគ្រចិត្តនោះទេ ប៉ុន្ដែវាជាកាតព្វកិច្ចរបស់ភាគីនិយោជក និងភាគីនិយោជិត ដែលត្រូវអនុវត្តស្របទៅតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ក៏បានសំណូមពរសហជីពទាំងអស់ផ្សព្វផ្សាយបន្តដល់បងប្អូនកម្មករនិយោជិត ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមពេញលេញផងដែរ។
សូមរម្លឹកដែរថា កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលក្នុងវិស័យឯកជន ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ។ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ គឺចាប់អនុវត្តចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២ តទៅសម្រាប់បុគ្គលទាំងឡាយណា ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ៕
អត្ថបទ៖រង្សី