កម្ពុជា នឹងចរចាជាមួយភាគីចិន ដើម្បីបង្កើតការដឹកជញ្ជូនត្រង់ពីកម្ពុជាទៅចិន ដោយមិនឆ្លងកាត់ប្រទេសសិង្ហបុរី ឬវៀតណាម។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៩ ខែកក្កដានេះ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បញ្ជាក់ថា៖ «យើងក៏ចាប់ផ្តើមបើកការចរចា ដឹកជញ្ជូនត្រង់ពីកំពង់ផែក្រុងព្រះសីហនុ ចូលទៅកំពង់ផែទាំងបីរបស់ចិនតែម្តង ដោយមិនចាំបាច់ឆ្លងទៅប្រទេសវៀតណាម ឬមួយក៏ឆ្លងទៅប្រទេសសិង្ហបុរីធ្វើការផ្ទេរទំនិញទេ»។
ទោះបីជាបែបនេះក្តី លោក ងិន ឆាយ បានសម្តែងក្តីបារម្ភសម្រាប់កម្ពុជា ចំពោះក្រុមហ៊ុនមួយចំនួអាចធ្វើបាន ប៉ុន្តែកសិផលមានចំនួនតិចនៅឡើយ ហេតុនេះធ្វើឱ្យជើងកប៉ាល់មិនអាចមានរៀងរាល់ថ្ងៃ អាចថាក្នុងមួយសប្តាហ៍មានមួយជើង ជួនកាលអាចឈានដល់២សប្តាហ៍ ទើបមានមួយជើងក៏មាន។
លោកបន្ថែមថា កត្តានេះធ្វើឱ្យមានផលលំបាកដែរ ព្រោះកសិផលដល់ពេលប្រមូលផលអត់ចាំបានទេ ស្វាយពេលដល់ពេល ត្រូវតែប្រមូលផល ចេកដល់ពេលត្រូវតែប្រមូលផល នេះគឺជាចំណុចវិបាកនៅក្នុងអនុវិស័យដំណាំ។ ក៏ប៉ុន្តែយើងបានចរចាបន្ថែមហើយ សង្ឃឹមថា នឹងមានជើងដឹកជញ្ជូននេះ កាន់តែញឹកពីកម្ពុជាត្រង់ ទៅប្រទេសចិន។
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា កម្ពុជាបាននាំចេញកសិផលប្រមាណ៣៥មុខផលិតផលស្រស់ និងកែច្នៃទៅប្រទេសចិន ហើយនាពេលខាងមុខនេះ នឹងបន្ថែមមួមទំនិញទៀត គឺផ្លែមៀនប៉ៃលិន៕