ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក។ ជំនួបពិភាក្សាការងារអំពីគម្រោងបានធ្វើឡើង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រវាង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដឹកនាំដោយលោក Zhou Yong ប្រធានគ្រប់គ្រងទូទៅប្រចាំប្រទេសកម្ពុជា។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់សារជាថ្មីអំពីសារសំខាន់នៃគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ដែលអាចជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូននិងភស្តុភារកម្ម និងមានប្រសិទ្ធភាពជាមុន ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

ការសិក្សាពីលទ្ធភាពនៃគម្រោងនេះចាំបាច់ត្រូវតែធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ ដាក់ជូនទៅគណ:កម្មាធិការអន្តរក្រសួងពិភាក្សាមុននឹងរាយការណ៍ជូនដើម្បីរាជរដ្ឋាភិបាលកម្ពុជាពិនិត្យពិចារណា ហើយការសិក្សាខ្នាតអន្តរជាតិនេះត្រូវធ្វើឡើងដើម្បីស្វែងរកដែគូ វិនិយោគពីដៃគូអភិវឌ្ឍន៍ និងពីក្រុមហ៊ុននានា ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
លោក ស៊ុន ចាន់ថុល ក៏សង្កត់ធ្ងន់ថា គម្រោងនេះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែវានឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២២ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏ធា្លប់បានបង្ហើបពីគម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប ដើម្បីដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅកាន់ទីផ្សារអន្តរជាតិ ។ គម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្រ ត្រូវបានក្រសួងរំពឹងថា នឹងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យដឹកញ្ជូននៅកម្ពុជា ជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវទឹក កាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ និងកាន់តែបង្កើនឱកាសឱ្យកម្ពុជា អាចនាំទំនិញចេញ-ចូល កាន់តែងាយស្រួលទៅកាន់ទីផ្សារអន្តរជាតិ ៕