ក្រ​សួង​សាធារណការ និង​ដឹក​ជញ្ជូន តម្រូវ​ឲ្យអ្នក​​ធ្វើ​អាជី​​វ​​កម្មលើវិស័យហេដ្ឋារ​ចនាសម្ព័ន្ធផ្លូវថ្នល់ ដាក់ពាក្យ​ស្នើ​សុំ​អាជ្ញា​​បណ្ណ

សង្គម​ និង​សេដ្ឋកិច្ច

បណ្តាអង្គភាពរដ្ឋ និង ក្រុមហ៊ុនឯកជន ដែល​មានបំណងចង់ប្រកបអាជីវកម្មលើវិស័យ​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់ ការ​ថែ​ទាំ​ផ្លូវ​ថ្នល់ ការផ្តល់ សេវាទី​ប្រឹក្សា​បច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សា​គម្រោង​ប្លង់ ការត្រួតពិនិត្យសំណង់​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​​ថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ តម្រូវ​ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ នៅក្រសួង ។ នេះ​បើ​តាមការជូនដំណឹង របស់ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកចំពោះអង្គភាពរដ្ឋ និងឯកជន មានអាជ្ញាបណ្ណប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ដែលជិត​ផុត​រយៈពេលសុពលភាព ឬមានបំណងចង់ផ្លាស់ប្តូរប្រភេទអាជ្ញាបណ្ណ ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន ក៏តម្រូវឲ្យ​ដាក់ពាក្យស្នើសុំមក ក្រសួង ឱ្យបានមុនថ្ងៃផុត​សុពលភាព​អាជ្ញាបណ្ណយ៉ាងតិច៣ខែ ដោយភ្ជាប់ មកជាមួយនូវអាជ្ញាបណ្ណ​ចាស់ក្នុងអំឡុង​ពេលសុពលភាព និងរបាយការណ៍សកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន។

ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន ក៏ព្រមានពិន័យអន្តរការណ៍ស្របតាម​បទប្បញ្ញត្តិនៃច្បាប់ ស្តីពីផ្លូវថ្នល់ ចំពោះ​បុគ្គល​ដែលប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់សេវាទីប្រឹក្សា បច្ចេកទេសសំណង់​​ផ្លូវថ្នល់ ការសិក្សាគម្រោង​ប្លង់ ការត្រួតពិនិត្យសំណង់​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការ​បើក មន្ទីរពិសោធន៍​វិស័យផ្លូវថ្នល់ ដោយគ្មានអាជ្ញាបណ្ណ ។