ផ្លែមៀនប៉ៃលិន មានក្តីសង្ឃឹមខ្ពស់​អាចនាំ​​ចេញ​ទៅ​ប្រ​ទេស​​ចិន​​​​​​បាន​​នៅ​ក្នុងឆ្នាំនេះ ក្រោយ​ឆ្លង​កាត់​វាយ​ត​ម្លៃ​​ចុង​ក្រោយ

សង្គម​ និង​សេដ្ឋកិច្ច

ផ្លែមៀនប៉ៃលិនរបស់កម្ពុជា មានភាគរយខ្ពស់អាចនឹង​នាំ​ចេញ​ទៅកាន់​​ប្រទេស​ចិនបាន នៅក្នុង​​អំឡុង​ពេល​​​ប្រមូល​​​ផល នា​ខែ​សីហា និងខែកញ្ញា ឆ្នាំ២០២២ខាងមុខ ក្រោយពីការវាយតម្លៃចុងក្រោយរបស់ អគ្គរដ្ឋបាលគយចិន ឃើញថាផ្លែមៀនប៉ៃ​លិ​ន មានគុណភាពស្របតាមស្តង់ដារតម្រូវរបស់ចិន។ នេះបើ​តាមការ​បញ្ជាក់របស់លោក ងិន ឆាយ ប្រតិភូរាជរដ្ឋា ភិបា​ល​​​ទទួល​បន្ទុកជាអគ្គនាយក នៃអគ្គនា​យក​ដ្ឋាន​កសិកម្ម នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋា​ភិបាល នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ងិន ឆាយ បានបញ្ជាក់ទៀតថា អគ្គរដ្ឋបាលគយចិន បាន​វាយ​តម្លៃចុង​ក្រោយ និងសន្និដ្ឋានថា ផ្លែមៀនប៉ៃលិនរបស់ កម្ពុជមាន​​គុណ​ភាព​ល្អ​​ មិនមានសមាសភាពចង្រៃដែល​​ប្រទេស​​ចិនហាម​ឃាត់​នោះទេ និងតម្លៃចម្ការមៀនរបស់​កសិករ​បានអនុវត្តន៍តាមស្តង់ដារបានត្រឹមត្រូវ។

លោក ងិន ឆាយ បន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងព្យាយាមចរចាជា​មួយភាគី​ចិន ឲ្យមានច្រក​ពិសេស​សម្រាប់នាំចូលផលិតផលកសិកម្មគ្រប់ប្រភេទ​នៅកាន់ទីផ្សារប្រទេស​ចិន។ ច្រក​​ពិសេសនោះ គឺធ្វើយ៉ាងណាឲ្យ​មាន​ការពន្លឿនការត្រួតពិនិត្យបច្ចេកទេសផ្សេងៗលើទំនិញកសិកម្ម​របស់កម្ពុជា។   

គួរបញ្ជាក់ថា រយៈពេល ៥ ឬ ៦ឆ្នាំចុងក្រោយនេះ ភាគីទាំងពីរបានធ្វើការដោះរបាំងភូតគាមអនាម័យ ចំនួន​៦មុខ ហើយ រួម​មាន ដំឡូងមី ពោត កញ្ចុង​អង្ករ ស្វាយ និងចេក ដែលបាននាំចេញទៅចិន រួច​រាល់ហើយ ដោយពេលនេះកំពុងចរចាគ្នា លើការនាំចេញ២មុខទៀត គឺផ្លែមៀនប៉ៃលិន និង ត្រីប្រា ដែល​សង្ឃឹមថានឹងបញ្ចប់ក្នុង២០២២នេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏បានឲ្យដឹងដែរថា ក្រៅពីគម្រោងនាំចេញផលិតផលកសិកម្ម​នៅមានគម្រោង​ដែល​សំខាន់មួយទៀតដែរ គឺភាគីចិនបាននិងកំពុង ជំរុញផែនការអនុវត្ត​ផែនការទំនើប​កម្មកសិកម្មនៅកម្ពុជា បានចុះ​វាយតម្លៃ​នៅតាមបណ្តាខេត្ត អំពីស្ថានភាពនៅកម្ពុជា។ តាមរយៈ​គម្រោង​នេះ  ក្រសួងក៏បាន​​បង្ហាញការ​ជឿជាក់ដែរ​ថា បេសកកម្មរបស់មិត្តចិន អាចនឹងបន្តការសិក្សាបន្ថែមទៀត តាមរយៈការចុះ​អនុស្សរណៈយោគយល់គ្នា នាពេលកន្លង​មក៕