ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ គ្រោង​ដាក់​ឱ្យ​​ប្រើ​​ជា​បណ្តោះ​អាសន្ន​​នៅ​ដើម​តុលា

សង្គម​ និង​សេដ្ឋកិច្ច

ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រើប្រាស់បាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ និង​ឥត​បង់​ប្រាក់ក្នុងការធ្វើដំណើររយៈពេលមួយខែ ខណៈការសាងសង់ស​ម្រេចបាន ៩៥ភាគរយហើយ។ នេះបើតាមលោក​ទេស​​រដ្ឋ​​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ​ការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ខណៈ​​ដែល​អញ្ជើញពិនិត្យវឌ្ឍនភាព​នៃការសាងស​ង់​ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាដំណើរទស្សនកិច្ចនោះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២​នេះ បានឲ្យដឹងថា ផ្លូវល្បឿនលឿននេះសម្រេចការសាងសង់បាន៩៥%ហើយ នៅសល់ ៥% ទៀត ទាក់ទងផ្លាក​សញ្ញា ដាំដើមផ្កា ដាក់កាមេរ៉ា ។ល។ ផ្លូវនេះគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី០១ ខែតុលា ហើយ​ប្រជា​ពល​រដ្ឋនឹងអាចប្រើប្រាស់ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ បានដោយឥតគិតថ្លៃ ក្នុងរយៈពេល១ខែ។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា មុននឹងដាក់ឱ្យប្រើប្រាស់ផ្លូវនេះ ក្រសួងនឹងរៀបចំធ្វើស្តតផ្សព្វ​ផ្សា​យ ដើម្បពន្យល់ដល់ប្រជាពលរដ្ឋ ដែលមិនធ្លាប់ប្រើផ្លូវល្បឿនលឿន ពីមុនមក ឱ្យបានដឹងពីរបៀប​ប្រើប្រាស់ផ្លូវ​នេះ​ផងដែរ។

គួរបញ្ជាក់ដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើក​ការ​ដ្ឋាន​សាង​​សង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះបានសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពាន​ថ្នល់​ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក៕