បទចម្រៀងថ្មី បែបមនោសញ្ចេតនាអន្លង់អន្លោចមួយបទទៀតហើយ មានចំណងជើងថា «កំដរខ្លួនឯង» របស់តារាចម្រៀងស្រីល្បីឈ្មោះរបស់ផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទសីម៉ា បានបង្កប់នូវអត្ថន័យចាត់ដោតដល់អ្នកស្ដាប់ ជាពិសេសអ្នកដែលមានអាយុ២០ក្រាស់ឡើង និងមានបង្កប់នូវអត្ថន័យបង្ហាញពីសង្គមរស់នៅរបស់មនុស្សសព្វថ្ងៃ។
កញ្ញា តន់ ច័ន្ទសីម៉ា តែងតែបង្ហាញនូវសមិទ្ធផលថ្មីប្លែកជាបន្តបន្ទាប់ដល់អ្នកគាំទ្រ ជាពិសេសយុវវ័យ ដែលកំពុងតែមានបញ្ហាស្មុគស្មាញ គិតអ្វីមិនចេញ ពេលដែលបានស្ដាប់បទចម្រៀងរបស់នាងរួចហើយ អាចរសាយធូរក្នុងអារម្មណ៍ ឬផ្ដោតអារម្មណ៍លើអត្ថន័យដែលបាញ់ចាក់ចំបេះដូង ធ្វើឲ្យពួកគេអាចផ្លាស់ប្ដូរផ្នត់គំនិតបាន។
យ៉ាងណាមិញបទថ្មីមានចំណងជើងថា «កំដរខ្លួឯង» បានឆ្លុះបញ្ចាំងពីខ្សែជីវិតរបស់មនុស្សម្នាក់ ដែលធ្វើអ្វីមួយមិនបានសំរេច ការតាំងចិត្តបានតែមួយឆាវៗ ហើយគិតៗទៅគ្មានសល់អ្វីទាំងអស់ ខណៈដែលខ្លួនមានអាយុកាន់តែច្រើនទៅហើយ។ ការគិតធ្វើអ្វីមួយដោយភាពគ្មានការទទួលខុសត្រូវ ហើយគិតអ្វីដែលគ្មានគោលដៅច្បាស់លាស់ អាចនាំឲ្យការងារនោះបរាជ័យជាបន្តបន្ទាប់ ប៉ុន្តែក្នុងអត្ថន័យនៃបទចម្រៀង «កំដរខ្លួនឯង» ទោះបរាជ័យ ក៏ត្រូវខិតខំប្រឹងប្រែងបន្តទៀត ទោះបីធ្វើអ្វីក៏ខុសៗ គ្មានសល់អ្វីក៏ដោយ ពោលគឺត្រូវរស់នៅកំដរខ្លួនឯង និងតស៊ូបន្ថែមទៀត។
បទចម្រៀង «កំដរខ្លួនឯង» របស់តារាចម្រៀង តន់ ច័ន្ទសីម៉ា ត្រូវបានបង្ហោះចេញនៅក្នុងយូធូបផ្លូវការរបស់ផលិតកម្ម Galaxy Navatra កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ ដោយក្នុងនោះមានអ្នកចូលទស្សនា រហូតដល់ជាង ៣១ម៉ឺននាក់ទៅហើយ គិតរហូតមកដល់ពេលនេះ។
ចង់ដឹងថាបទ «កំដរខ្លួនឯង» មានអត្ថន័យយ៉ាងណានោះ សូមស្ដាប់កម្សាន្តទាំងអស់គ្នាដូចខាងក្រោម៖