ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបណ្តាប្រតិបត្តិករទូរគមនាគមន៍ចំនួន៤៥ ក្រុមហ៊ុន បានចាប់ផ្តើមបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិតនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យដឹងថា កាលថ្ងៃទី១៤-១៩ ខែកក្កដា ក្រសួងបានបើកកិច្ចប្រជុំ ដោយបែងចែកជា៤ក្រុម ជាមួយប្រតិបត្តិករទូរគមនាគមន៍ចំនួន៤៥ ក្រុមហ៊ុន ដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ស្របតាមសេចក្ដីជូនដំណឹងលេខ ១៥៣៧ បទ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ សំដៅការពារផលប្រយោជន៍និងសិទ្ធិរបស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាប្រកបដោយគុណភាពនិងតម្លៃសមរម្យ។
ឯកឧត្តមបន្តថា តាមរយៈកិច្ចប្រជុំនោះ ក្រសួងបានជម្រាបជូនប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អំពីបញ្ហាទូរសព្ទចល័ត បញ្ហាសេវាអ៊ីនធឺណិត និងវិធានការដោះស្រាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបានទទួលយកសំណូមពរ ក៏ដូចជាបញ្ហាប្រឈមរបស់ក្រុមហ៊ុនដែលបានជួបប្រទះ។
ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា ក្រសួងក៏ប្តេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្មនិងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍ ដោយអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើឱ្យសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតបានល្អប្រសើរឡើង។
សូមរម្លឹកដែរថា កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។
ដោយឡែក ការប្រជុំពង្រឹងការដោះស្រាយបញ្ហាសេវាទូរសព្ទ និងអ៊ីនធឺណិត ព្រមទាំងការប្រកាសសាងសង់ស្ថានីយអង់តែនចំនួន១០០បន្ថែមនេះ គឺធ្វើឡើងក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត ឱ្យពង្រឹងលើសេវាអ៊ីនធើណេត ពិសេសនៅតាមតំបន់ទេសចរណ៍នានា នៅទូទាំងប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត។ដែលការស្នើនេះត្រូវបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២៕