ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីក្រុងអ៊ូហាន ប្រទេសចិន នាថ្ងៃទី ០៥ ខែកុម្ភៈ ២០២០ ស្អែកនេះ។
តាមរយៈអត្ថបទ «សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល» ដែលបានបង្ហោះនៅលើផេកផ្លូវការរបស់សម្ដេចតេជោហ៊ុនសែន កាលពីរសៀលថ្ងៃទី៤ កុម្ភៈ ២០២០ ហើយនៅឃ្លាចុងបញ្ចប់សម្ដេចតេជោ ហ៊ុន សែនបានសរសេរថា “នៅថ្ងៃស្អែកទី៥ កុម្ភៈ សម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស”។
តែទោះយ៉ាងណាក្ដី សម្ដេចបានបញ្ជាក់ចុងក្រោយថា នៅពេលនេះសម្តេចតេជោ កំពុងរង់ចាំការបញ្ជាក់ និងសម្រេចពីភាគីមិត្តចិនថាតេីអនុញ្ញាត្តិឲ្យទៅសួរសុខទុក្ខ ឬមិនអនុញ្ញត្តិឲ្យទៅក្នុងពេលដែលទីក្រុងនេះត្រូវបានដាក់ឲ្យនៅដាច់ក្នុងសភាពប្រកាសអាសន្នមិនឲ្យមានចរាចរណ៍ចេញចូលទាំងនៅក្នុងប្រទេសចិន និងពីក្រៅប្រទេសចូលមក៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា
ប្រភព៖ សប្បាយ