កម្ពុជា បាននាំចេញអង្ករក្នុងតម្លៃជិត២០០លានដុល្លារ កើនជាង១៦% គិតត្រឹម៦ខែ ឆ្នាំនេះ

សង្គម​ និង​សេដ្ឋកិច្ច

ការនាំចេញអង្ករនៅឆមាសទី១  ឆ្នាំ២០២២ មានកំណើនជាង១៦% បានបរិមាណសរុបចំនួន ៣២៧   ២០០  តោន គិតជាទឹកប្រាក់ជាង១៩៨  លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សម្រាប់ឆមាសទី១​ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន៥៣ក្រុមហ៊ុន  បានអង្ករចំនួន ៣២៧ ២០០ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៩៨.៦៣ លានដុល្លារសហរដ្ឋអាមេរិក។

ទីផ្សារអង្ករសំខាន់ៗក្នុងនោះ៖ មានប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៦៨ ២៨០ តោន ឬស្មើនឹង ៥១.៤៣% ដែលមានកំណើនចំនួន ១៧.៤៤ % បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

ដោយឡែក ការនាំចេញទៅកាន់ប្រទេសនានានៅក្នុងទ្វីបអឺរ៉ុប​ចំនួន២៣ប្រទេស បានចំនួន ១០៦ ១៩៤ តោន ឬស្មើនឹង ៣២% មានកំណើន ចំនួន ៤៦.៩០%។ ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៨ ៦៨០ តោន ឬស្មើនឹង ៨.៧៧% ដែលមានកំណើនចំនួន ៦.៦៩% និងការនាំចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេស​ បានចំនួន​ ២៤​ ០៤៦ តោន ឬស្មើនឹង ៧.៣៥%។

សម្រាប់ប្រភេទអង្ករនាំចេញ​ គឺមានអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៦២.៤៤% អង្ករ​ ស បានចំនួន ៣៤.១២% អង្ករចំហ៊ុយ​ បានចំនួន​ ១.៩៣%​  និងអង្ករសរីរាង្គបានចំនួន ១.៥០% និងអង្ករដំណើប បាន​០.០១%  ឬស្មើនឹង ២៣តោន។

គួរបញ្ជាក់ដែរថា ក្រៅពីអង្ករ នៅក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២២ នេះដែរ កម្ពុជាបាននាំចេញស្រូវសរុបបានចំនួន​ ១​ ៧៣៣​ ១៥៧​ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៤០១.៩៦ លានដុល្លារសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទ៖​រង្សី