លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានត្រៀមគ្រាប់ពូជស្រូវចំនួន២ពាន់តោន និងគ្រាប់ពូជ ៥០តោន សម្រាប់អន្តរាយគមន៍ជួយកសិករពេលជួបគ្រោះធម្មជាតិ។ ការបញ្ជាក់របស់លោក ងិន ឆាយ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម” កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ។
លោក ងិន ឆាយ បន្ថែមថា ក្រសួងក៏ត្រៀមមន្ត្រីជំនាញសម្រាប់អន្តរាយគមន៍ពេលផ្ទុះឡើងនូវសមាភាពចង្រៃ ផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកទេសប្រើប្រាស់ជីនិងថ្នាំកសិកម្មអោយចំគោលដៅ និងផ្សារភ្ជាប់វិស័យឯកជនជាមួយកសិករផងដែរ។
ទន្ទឹមគ្នានេះ លោក ងិន ឆាយ ក៏បានអំពាវនាវដល់អាជ្ញាធរមួលដ្ឋានត្រូវរួសរាន់ចុះវាយតម្លៃទៅលើផលប៉ះពាល់ឲ្យបានលឿន នៅពេលគ្រោះធម្មជាតិបំផ្លាញផលដំណាំប្រជាពលរដ្ឋ និងធ្វើរបាយការណ៍បានច្បាស់លាស់ ដើម្បីក្រសួងផ្តល់ជូនគ្រាប់ពូជត្រលប់ទៅវិញកុំឲ្យមានភាពយឺតយ៉ាវ។
បើតាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដំណាំស្រូវជាង១ពាន់ហិកតា រីឯគ្រាប់ពូជបន្លែ មានជិត៨០ហិកតា បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។ ដំណាំស្រូវនិងដំណាំរួមផ្សំទាំងនេះ មាននៅក្នុងខេត្តចំនួន៤ រួមមាន ខេត្តបាត់ដំបង កោះកុង ក្រចេះ និងខេត្តពោធិ៍សាត់៕