ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ សម្រេចបាន៩៥%ហើយ គ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃរយៈពេលមួយខែ ប៉ុន្តែក្រោយរយៈពេលមួយខែនោះ នឹងត្រូវគិតថ្លៃ ដែលអ្នកប្រើប្រាស់ផ្លូវនេះ អាចបង់ប្រាក់តាម ២របៀប។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រោយផុតរយៈពេលដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្រុមហ៊ុននឹងចាប់ផ្តើមយកថ្លៃនៃការប្រើប្រាស់ផ្លូវនេះ ដោយក្នុងនោះម្ចាស់រថយន្តអាចមានជម្រើសពីរគឺ ១)ទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួនជួយឱ្យចំណេញពេលក្នុងការធ្វើដំណើរ ដោយមិនចាំបាច់ឈប់ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ពេលចាកចេញនៅកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។ អ្នកធ្វើដំណើរក៏អាចទិញកាតអេឡិចត្រូនិចនោះបាន នៅតាមធនាគារដៃគូរបស់ក្រុមហ៊ុនសាងសង់ ។ ២)ក្នុងករណីគ្មានកាតអេឡិចត្រូនិក ETC បុគ្គលិកនៅតាមច្រកចូល នឹងផ្តល់កាតមួយឱ្យម្ចាស់យានយន្ត ហើយពេលធ្វើដំណើរចាកចេញច្រកណាមួយ បុគ្គលិកនៅតាមបញ្ជរនឹងយកកាតនោះទៅឆូតតាមកុំព្យូទ័រ និងបង្ហាញពីតម្លៃត្រូវទូទាត់។

ទាក់ទងនឹងតម្លៃធ្វើដំណើរវិញ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា គិតជាមធ្យមនៅប្រទេសគេ ថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនត្រូវបានគិតចំនួន១០សេនក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកនៅកម្ពុជាវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ ចំនួន២៤ដុល្លារអាមេរិក ក្នុងនោះចំនួន១២ដុល្លារទៅ និងចំនួន១២ដុល្លារមកហើយនៅឆ្នាំទីពីរក្រុមហ៊ុននឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទាន ដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕



