អ្នកជំនាញ និងជាប្រធានសមាគមអចលនទ្រព្យសកលរាជធានីភ្នំពេញ លោក ឡោ វិចិត្រ បានបង្ហាញការចំណាប់អារម្មណ៍ដោយផ្អែកលើកត្តាសេដ្ឋកិច្ច ប្រទេសទាំងអស់នៅជុំវិញពិភពលោក តែងធ្វើការសិក្សា និងរៀបចំគោលនយោបាយ ដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសខ្លួនឱ្យបានច្រើន។ កម្ពុជាក៏ដូចជាប្រទេសដទៃទៀតនៅលើសកលលោក កំពុងត្រូវការទុនវិនិយោគពីក្រៅ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយចំណាកស្រុក។

ថ្លែងដោយផ្អែកលើការស្រាវជ្រាវ លោក ឡោ វិចិត្រ បានគូសបញ្ជាក់ថា៖ «ប្រសិនបើរាជរដ្ឋាភិបាលមានគោលនយោបាយបើកចំហឱ្យជនបរទេសអាចកាន់កាប់ដីក្នុងប្រទេសកម្ពុជា វាជាសញ្ញាល្អ ដើម្បីបង្កភាពងាយស្រួលដល់វិនិយោគិននៅក្រៅប្រទេសមកវិនិយោគទៅលើវិស័យដីធ្លី»។
លោកថា វិស័យដីធ្លី គឺជាវិស័យមួយបានបង្កើតសេដ្ឋីជាច្រើននៅក្នុងស្រុក ក៏ប៉ុន្តែសម្រាប់គោលនយោបាយបើកចំហសម្រាប់វិនិយោគិនក្រៅប្រទេស អាចកាន់កាប់ដីធ្លីនៅកម្ពុជាគួរតែសិក្សាឱ្យបានច្បាស់ ជាមួយនឹងអ្នកជំនាញក្រសួងជំនាញ អន្តរក្រសួង ដើម្បីធ្វើការសិក្សាផលប៉ះពាល់ ឬការកំណត់ថា តើជនបរទេសគួរមានលក្ខខ័ណ្ឌបំពេញអ្វីខ្លះ? ដូចជាទុនអតិបរមាដើម្បីធានាថា គោលនយោបាយនេះ មានប្រសិទ្ធភាព និរន្តរភាព និងប៉ះពាល់តិចតួច។
តែយ៉ាងណាសម្រាប់លោក វិចិត្រ មុននឹងអនុញ្ញាតឱ្យជនបរទេសកាន់កាប់ដីធ្លី រដ្ឋាភិបាលត្រូវសិក្សាលើកត្តាសំខាន់មួយចំនួនដូចជាថា តើកម្ពុជាចង់បានទុនវិនិយោគកម្រិតណាមកចាក់បញ្ចូលក្នុងសេដ្ឋកិច្ច? អ្នកជំនាញត្រូវធ្វើការសិក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីលម្អិតពីផលប៉ះពាល់ក៏ដូចជាសិក្សាពីលទ្ធផល ក្រោយពីអនុញ្ញាតឱ្យជនបរទេសកាន់កាប់ដីធ្លីបាន។ ផ្នែកពាក់ព័ន្ធអាចសិក្សាអំពីទំហំដី ឬតំបន់ណា ដែលអនុញ្ញាតឱ្យជនបរទេសអាចមកទិញដីនៅកម្ពុជា ហើយចាំបាច់ត្រូវមានលក្ខខ័ណ្ឌអ្វីខ្លះ ដែលកំណត់ដោយច្បាប់ដើម្បីធានាថា គោលនយោបាយថ្មីនេះមិនមានផលប៉ះពាល់មកដល់ពលរដ្ឋ។

បើតាមប្រធានសមាគមអចលនទ្រព្យសកលរាជធានីភ្នំពេញ ការបើកចំហគោលនយោបាយនេះអាចមានពីរសេនារីយ៉ូ ទី១ អាចបើកឱ្យទិញលំនៅឋានជាប់ដី ទី២ អាចទិញលំនៅឋានជាប់ដីហើយ ទិញដីទៀត ដែលទាំងពីរខាងលើនេះជាលក្ខខ័ណ្ឌមួយដាច់ដោយឡែក ដែលអ្នកជំនាញក្រសួងស្ថាប័នពាក់ព័ន្ធគួរសិក្សាថា តើគួរបើកចំហទាំងស្រុង ឬជាជំហានៗ។ បើទិញដី ថាតើគាត់អាចទិញក្នុងទំហំកម្រិតទឹកប្រាក់ប៉ុណ្ណា? ប៉ុន្មានម៉ែត្រការ៉េ? តើទិញភ្លាមអភិវឌ្ឍន៍ភ្លាម ឬទុករយៈពេលប៉ុន្មានមុនពេលអភិវឌ្ឍន៍?។
សូមជម្រាបជូនថា បើគ្មានអ្វីប្រែប្រួលទេ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ តទៅប្រទេសថៃនឹងអនុញ្ញាតឱ្យជនបរទេសអាចកាន់កាប់ដីធ្លីពេញលេញបាន។ ការអនុញ្ញាតិនេះត្រូវបានរដ្ឋាភិបាល រំពឹងថា នឹងបង្កើតការលើកទឹកចិត្ត ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសថៃ។
ជុំវិញការរៀបចំសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលថៃក៏បានកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់តែការរស់នៅប៉ុណ្ណោះ និងមិនឱ្យលើសពី ២០០០ម៉ែត្រការ៉េ កំណត់៥ឆ្នាំ មានលុយ ១លានលានបាត និងវិនិយោគបន្ថែម ៨០០ពាន់លានបាត បង់ពន្ធបន្ថែមចំនួន ២,៧សែនលានបាត ដើម្បីទាក់ទាញជនបរទេសដែលមានសក្តានុពលខ្ពស់ចំនួនរួមមាន ៤ក្រុមគឺ៖ ទី១ ក្រុមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន(សេដ្ឋី) ទី២ ក្រុមបុគ្គលចូលនិវត្តន៍ពីបរទេស ទី៣ ក្រុមបុគ្គលដែលចង់ធ្វើការពីប្រទេសថៃ និងទី៤ ក្រុមបុគ្គលអ្នកជំនាញ ឬឯកទេសពិសេស៕