សាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា PUC និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍការអប់រំ និងការស្រាវជ្រាវ ក្នុងការឈានទៅរកភាពរីកចំរើនរួមគ្នា ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។
ពិធីចុះហត្ថលេខាធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បណ្ឌិត ស៊ីន ម៉េងស្រ៊ុន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា។
លោក ហឿន សំនៀង បានឲ្យដឹងថា ការចុះអនុស្សរណៈយោគយល់នេះនឹងបើកឱកាសឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយគ្នា ផ្តល់អត្ថប្រយោជន៍បន្ថែមទៀត និងបំពេញរាល់កង្វះខាតជូនភាគីទាំងសងខាងពាក់ព័ន្ធនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។
សូមជម្រាបជូនថា អនុស្សរណៈយោគយល់នេះ បានឯកភាពជាគោលការណ៍ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ការអប់រំ និងការស្រាវជ្រាវរួមមាន៖ សហការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសផ្សេងៗ ផ្លាស់ប្តូរមន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក សហការលើការស្រាវជ្រាវ និងការអនុវត្តគម្រោងរួមគ្នាក្នុងវិស័យពាក់ព័ន្ធ សហការផ្តល់ជំនួយបច្ចេកទេសលើការអប់រំ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ផ្លាស់ប្តូរព័ត៌មាន និងឧបករណ៍បច្ចេកទេសផ្សេងៗ ប្រើប្រាស់ឧបករណ៍ឧបករណ៍ សម្ភារៈសំណង់ និងធនធានរួមគ្នា ផ្តល់ឱកាសដល់និស្សិតដើម្បីផ្លាស់ប្តូរបទពិសោធន៍សិក្សា ផ្តល់ជូនវិញ្ញាបនបត្រនៃការបណ្តុះបណ្តាលបច្ចេកទេស និងជំរុញអនុវត្តសកម្មភាព ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ៕