នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពរ ប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។ នៅក្នុងជំនួបនោះកម្ពុជា និងនីហ្សេរីយ៉ា បានលើកឡើងពីពីគោលបំណងរួមគ្នា ភ្ជាប់ទំនាក់ទំនង និងកិច្ចប្រតិបត្តិការលើវិស័យការពារជាតិ ។

ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់កម្ពុជា នៅក្នុងជំនួបជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ត្រី EA EJODAME ទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំកម្ពុជា បានលើកឡើងពី គោលបំណង ភ្ជាប់ទំនាក់ទំនង និងកិច្ចប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ កម្ពុជា-នីហ្សេរីយ៉ា។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា កម្ពុជា និងនីហ្សេរីយ៉ា មានលក្ខណៈស្រដៀងគ្នានៅក្នុងប្រវត្តិសាស្ត្រ ធ្លាប់ទទួលរងនូវសង្រ្គាម ហើយបច្ចុប្បន្នប្រទេសទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានសន្តិភាព និងកំពុងចែករំលែកបទពិសោធន៍ពីការទទួលបានសន្តិភាពនេះទៅដល់បណ្តាកងទ័ពនៅលើពិភពលោក។ ដោយឡែក ភាពខ្លាំងរបស់កងទ័ពកម្ពុជា នីហ្សេរីយ៉ា គឺអាចសហការគ្នាបាន ដោយផ្អែកលើប្រទេសទាំងពីរមានវិទ្យាស្ថានកងទ័ព មានសាកលវិទ្យាល័យការពារជាតិ និងមានមជ្ឈមណ្ឌលថែរក្សាសន្តិភាពដូចគ្នា ជាការផ្តល់ឱកាសដល់ការចែករំលែកបទពិសោធន៍ និងចំណេះដឹងឲ្យគ្នាបានយ៉ាងច្រើន។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានឯកភាពចំពោះការលើកឡើងរបស់ទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំកម្ពុជា ក្នុងការស្វែងរកឱកាសពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដោយ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងកម្លាំងថែរក្សាសន្តិភាព។
នាយឧត្តមសេនីយ៍ ក៏សង្ឃឹមជឿជាក់ថាតាមរយៈនៃដំណើរទស្សនកិច្ចរបស់ ទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំកម្ពុជា អ្វីៗនឹងដំណើរការល្អប្រសើរ ពិសេសនៅលើការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលអាចឈានទៅដល់ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយគ្នា។

