លោក លី មិន ឬហៅក្រៅថា “ឡាម៉ូ” កើតនៅឆ្នាំ១៩៧៧ ខេត្តសៀមរាប គឺជាសិល្បករ និងអ្នកថតរូបម្នាក់ដែលមានការអនុវត្តន៍ស្នាដៃរបស់លោកមានដូចជា រូបថត វិចិត្រសិល្បៈ ឯកសារ ទេសចរណ៍ ទេសភាព សត្វព្រៃ និងរូបថតលម្អិត។

“Unseen Cambodia” គឺជាគម្រោងចុងក្រោយរបស់ឡាម៉ូ ដែលក្នុងនោះមានការបង្កើតជា វេទិការបណ្តាញសង្គម។ គម្រោងនេះ អនុញ្ញាតឱ្យឡាម៉ូ ធ្វើដំណើរទៅគ្រប់ទិសទី ក្នុងប្រទេសកម្ពុជារួមទាំងតំបន់ដាច់ស្រយាល តាមរយៈការដើរភ្នំនិងជិះម៉ូតូ ដើម្បីរកចងក្រងឯកសារ និងផ្តិតយកទិដ្ឋភាពផ្សេងៗដូចជា ប្រជាជន សាសនា ប្រពៃណី ទំនៀមទម្លាប់ បូជនីយដ្ឋាន រុក្ខជាតិកម្រ សិល្បៈទស្សនីយភាព វប្បធម៌សូនរូប តំបន់ទំនាប តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំក្រវាញ។ ទាំងអស់នេះ គឺជាការប៉ុនប៉ង ដើម្បីបង្ហាញប្រទេសកម្ពុជា ដែលមិនធ្លាប់បានគេមើលឃើញ។

ក្នុងដំណើរបេសកកម្មជាង ១០ឆ្នាំ លើវិស័យថតរូបបែបច្នៃប្រឌិត និងការផ្សងព្រេងនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា ស្នាដៃរូបថតចំនួន៤៤សន្លឹករបស់សិល្បករ និងជាអ្នកថតរូបម្នាក់គឺលោក ឡាម៉ូ បានដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលក្បាច់នៃសណ្ឋាគារស៊ូហ្វីតែល ភ្នំពេញភូគីត្រា។ រូបភាពដែលកំពុងតែដាក់តាំងពិពរណ៍នេះ គឺផ្តោតសំខាន់ទៅលើធម្មជាតិ សាសនា សិល្បៈ វប្បធម៌ ជីវភាពរស់នៅរបស់ប្រជាជន និងបូកបញ្ចូលជាមួយអត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោកឡាម៉ូ គឺពន្លឺ និងស្រមោល។

ក្រៅតែពីតាំងពិពរណ៍នេះ លោកឡាម៉ូ កំពុងតែចងក្រងសៀវភៅមួយមានចំណងជើងថា Unseen Cambodia ដើម្បីធ្វើការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ និងសម្រាប់ទុកជាឯកសារសម្រាប់តម្រូវការនាពេលអនាគត។

ថ្លែងប្រាប់ឧកញ៉ាញូស៍ លោកឡាម៉ូ បានឱ្យដឹងថា រូបរបស់លោកចំនួនមួយគឺបានឈ្នះពានក្នុងការប្រកួតប្រជែងរូបថតនៅប្រទេសអង់គ្លេស នៅឆ្នាំ២០១៨ ដែលគេទទួលស្គាល់ថាជារូបតំណាងឱ្យកម្ពុជា និងជារូបថតជាប់លេខ១ ប្រចាំប្រទេសកម្ពុជា។ រូបភាពនេះជាប្រភេទ Abstract ដូចជាសត្វស្លាបមួយកំពុងហើរ ហើយរូបនេះមានចំណងជើងថា “Freedom” ដែលមានន័យថា “សេរីភាព” និងចង់ប្រៀបធៀបទៅនឹងសេរីភាពប្រកបមុខរបររបស់ប្រជាជនសាមញ្ញ ប៉ុន្តែផលិតឡើងជាលក្ខណៈសិល្បៈមួយ។ រូបព្រលិតនេះ ថតនៅតំបន់កំពង់ត្រាច នៃខេត្តកំពត។

ទាក់ទងនឹងគម្រោងរបស់ស្ថាប័នរដ្ឋ ភាគច្រើនលោកឡាម៉ូ បានធ្វើការឱ្យសាលារាជធានីភ្នំពេញ ហើយសាលារាជធានីភ្នំពេញ បន្តសិទ្ធិឱ្យទៅទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហោះរូបភាពដ៏អស្ចារ្យនៃទិដ្ឋភាពរាជធានីភ្នំពេញ។ រូបភាពជិះយន្តហោះថតពីលើអាកាសនៃរាជធានីភ្នំពេញរបស់លោក ក៏មានការតាំងបង្ហាញនៅតាមស្តុបមួយចំនួនផងដែរ ដូចជានៅស្តុបសន្ធរមុកជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្នលោកឡាម៉ូ គឺជាអ្នកថតរូបឯករាជ្យ ដែលមិនស្ថិតនៅក្រោមស្ថាប័នណានោះទេ និងជាសិល្បករម្នាក់ ដែលតែងតាំងពិព័រណ៍ ដើម្បីលក់បានកម្រៃទប់ទល់នឹងការចំណាយផ្សេងៗដូចជាការធ្វើដំណើរ ទៅថតទិដ្ឋភាពផ្សេងៗទាំងនៅរាជធានី និងបណ្តាខេត្តនានា។ ចំពោះរូបភាពដែលលោកឡាម៉ូ លក់គឺមានខ្នាតផ្សេងៗគ្នា និងមាន Limited Edition ខុសគ្នា ហើយ១ផ្ទាំង មានតម្លៃចាប់ពី ២០០ដុល្លារ រហូតដល់ ៣,៦០០ដុល្លារ ៕


