សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងសង្កត់ធ្ងន់ចំៗថា៖ «គ្រប់មន្ត្រីប៉ូលីសដែលមានតួនាទីចាប់ពីអគ្គនាយកដ្ឋានចុះ គឺមិនទុកឱ្យនរណាម្នាក់មិនបានរៀនសូត្រវិជ្ជាជីវៈនគរបាលនោះទេ ហើយបើនរណាមិនព្រមមករៀននោះ សូមដើរចេញពីនគរបាល»។ សម្ដេចក្រឡាហោម លើកឡើងយ៉ាងដូច្នេះ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃអង្គារនេះ។
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់បន្ថែមថា ការអនុវត្តនេះត្រូវធ្វើឱ្យបានម៉ត់ចត់ ដោយពុំមានការយោគយល់ ផ្អែកលើមនោសញ្ចេតនា គឺត្រូវតែអនុវត្តផ្អែកទៅលើគោលការណ៍ដែលបានរៀបចំ។ ក្នុងករណីដែលមន្ត្រីមានការមមាញឹកក្នុងការងារនៅក្នុងអង្គភាព អាចរៀនព្រឹក ធ្វើការល្ងាចបានតាមភាពជាក់ស្តែងក្នុងអង្គភាពរបស់ខ្លួន ការធ្វើបែបនេះគឺ ដើម្បីឱ្យមន្ត្រីគ្រប់រូបអាចទទួលបានចំណេះដឹង និងបំពេញការងារនៅតាមអង្គភាពបាន។
សម្តេចក្រឡាហោម បានសង្កត់ធ្ងន់បន្ងែមទៀតថា ការងាររៀនសូត្រ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះការតែងតាំង និងការតម្លើងតួនាទី ឬការផ្ទេរក្របខណ្ឌផ្សេងៗមកចូលក្របខណ្ឌនគរបាលជាតិនេះ ក្នុងករណីដែលមិនបានចូលរៀនវគ្គបណ្តុះបណ្តាលនេះ វាជាកំហុសរបស់យើង និងជាចំនុចដែលមិនត្រូវមើលរំលងនោះទេ៕