រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងកំណត់ឱ្យរថយន្តឯកជនគ្រប់ប្រភេទទាំងអស់ ត្រូវតែមានការធានារ៉ាប់រងជាកាតព្វកិច្ច ដែលអាចនឹងអនុវត្តជាផ្លូវការ ចាប់ពីឆ្នាំ២០២២នេះតទៅតែម្តង។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ឯកឧត្តម រស់ សីលវ៉ា បានថ្លែងក្នុងឱកាសចូលរួមក្នុងទិវាធានារ៉ាប់រង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់នូវការធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ដែលជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា និងក្នុងគោលបំណងលើកកម្ពស់វិស័យធានារ៉ាប់រងឱ្យមានការរីកចម្រើនថែមទៀត។
ការកំណត់ជាកាតព្វកិច្ចនេះ នឹងជួយឱ្យជនរងគ្រោះទទួលបានសំណងសមស្របណាមួយ សម្រាប់ការព្យាបាល និងដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។ គម្រោងអាចនឹងដំណើរការក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីទីផ្សារធានារ៉ាប់រងរបស់កម្ពុជា បាននិងកំពុងបន្តរីកចម្រើនយ៉ាងឆាប់ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ឯកឧត្តម បានបញ្ជាក់បន្ថែម។
ចំណែកឯលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា គាំទ្រចំពោះគ្រោងការដាក់ឱ្យដំណើរការប្រព័ន្ធធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ខណៈបច្ចុប្បន្នបានអនុវត្តជាអន្លើរតែទៅលើយានយន្តនៃក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកទំនិញប៉ុណ្ណោះ។ ទីផ្សារធានារ៉ាប់រងនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងសរុប៣៩ ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ ព្រមទាំងមានក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។
សូមបញ្ជាក់ថា បុព្វលាភដុលសរុប នៃទីផ្សារធានារ៉ាប់រងរបស់កម្ពុជា បានកើនឡើងដល់ប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ និងមានកំណើនប្រមាណ ២០ភាគរយ ជាមធ្យម ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ បើតាមការបញ្ជាក់របស់ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា៕