នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) បានឲ្យដឹងថា នៅកម្ពុជាក្រុមហ៊ុនបានតំឡើង អំពូល LED បានចំនួនជិត២ម៉ឺនអំពូល ដែលក្នុងនោះ បានជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅកម្ពុជា ព្រមទាំងកាត់បន្ថយ ការចំណាយលើ អគ្គិសនីប្រមាណ១លានដុល្លារក្នុង១ឆ្នាំផង។
នេះបើយោងតាមជំនួបសម្តែងការគួរសម រវាងសម្តេច ហ៊ុន សែន ជាមួយលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ដើម្បីពិភាក្សាកិច្ចមួយចំនួនពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា កាលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។
ក្នុងជំនួបនោះ លោក កៃនូម៉ា បានគោរពរាយការណ៍ពីវឌ្ឍនភាពរបស់ក្រុមហ៊ុនថា ក្រុមហ៊ុនរបស់លោក គឺយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេសទៅទៀតនោះ គឺយកចិត្តទុកដាក់ខ្លាំង ទៅលើវិស័យបរិស្ថាន ។
ជាក់ស្តែងលោកបញ្ជាក់ដូច្នេះថា«រោងចក្ររបស់លោកផលិតភ្លើងអំពូលអិលអ៊ីឌី 100% នៅ កម្ពុជា ហើយបាននាំចេញទៅ លើទីផ្សារទូទាំងពិភពលោក ។ ដោយឡែកនៅកម្ពុជាក្រុមហ៊ុនបានតំឡើង អំពូល LED បានចំនួន ១៨.៨៨០អំពូល ដែលក្នុងនោះ បានជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផង ការកាត់បន្ថយការសាយភាយឧស្ម័ន កាបូនិចផង ព្រមទាំងកាត់បន្ថយ ការចំណាយលើ អគ្គិសនីប្រមាណ១លានដុល្លារក្នុង១ឆ្នាំផង»។
ជាការឆ្លើយតប សម្ដេច បានសម្ដែងនូវការរីករាយនិងសាទរជូនចំពោះ ក្រុមហ៊ុន ដែលរយៈពេល ១០ ឆ្នាំកន្លងមក ទទួលបានជោគជ័យ, ពង្រីកសកម្មភាពរបស់ខ្លួន ជាបន្តបន្ទាប់។ជាមួយគ្នានេះ សម្ដេច ក៏បានរំឭកអំពីប្រវត្តិក្រុមហ៊ុនមីនីបៀ ជាពិសេសនៅពេលដែលក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគ នៅកម្ពុជាដែលពេលនោះ សម្ដេច បានអនុវត្តនូវយុទ្ធសាស្ត្រ ២ នោះគឺត្រីណាមកដល់មុនគឺចាប់យកត្រីនោះ និងត្រូវធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនទាំងអស់ ដែលមកកម្ពុជា មានជំនឿចិត្ត ចំពោះកម្ពុជា។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) បានដំណើរការបានប្រមាណ១០ឆ្នាំកន្លងមកហើយ ដែលក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ សរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក ដែលមាន៩៥កន្លែងជុំវិញពិភពលោក ៕