កម្ពុជា-នីហ្សេរីយ៉ា ប្តេជ្ញាពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈថ្នាក់មន្រ្តីបច្ចេកទេសទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាប្រចាំកម្ពុជា បានជួបពិភាក្សាការងាររួមគ្នា​កាលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ជំនួបពិភាក្សានោះ ភាគីទាំងពីរ បានធ្វើការប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈថ្នាក់មន្រ្តីបច្ចេកទេសទ្វេភាគីឲ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានឲ្យដឹងថា ភាគីទាំងពីរ បានធ្វើការ ពិភាក្សាស្វែងយល់អំពីវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ ដើម្បីអាចឲ្យប្រទេសទាំងពីរទទួលបានទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក ខណៈពេលដែលពិភពលោកកំពុងមានការប្រកួតប្រជែង និងការរាតត្បាតនូវជំងឺផ្សេងៗ។

ឯកឧត្តម ក៏បានលើកឡើងពីវឌ្ឍនភាពលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកម្ពុជាកំពុងអនុវត្តន រួមមាន៖ ការលើកកម្ពស់លក្ខខណ្ឌការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការរក្សា និងបង្កើនមុខរបរនិងការងារនៅក្នុង និងក្រៅប្រទេស, ការអភិវឌ្ឍរបបសន្តិសុខសង្គម និងការពង្រឹងសេវាគាំទ្រទូទៅ។

ជាការឆ្លើយតបវិញ លោកជំទាវឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាប្រចាំកម្ពុជា បានបង្ហាញការពេញចិត្តនឹងបំពេញបេសកម្មការជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដើម្បីអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព ឲ្យកាន់តែប្រសើរ។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២២ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតវិស័យកាត់ដេរ គឺ ១៩៤ដុល្លារអាមេរិក/ខែ រីឯអត្រាអ្នកអត់ការងារធ្វើរង្វង់តែ ០.៣%។នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងការងារ។

យ៉ាងណា ទាំងភាគីកម្ពុជា- នីហ្សេរីយ៉ា ក៏បានបង្ហាញការពេញចិត្ត និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនាពេលកន្លងមក ព្រមទាំងឯកភាពឱ្យមានការធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងកម្រិតថា្នក់រដ្ឋមន្រ្តី និងថ្នាក់មន្រ្តីបច្ចេកទេស នាពេលអនាគតឲ្យកាន់តែរឹងមាំថែមទៀត៕