ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ បានកំពុងពន្លឿសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ដើម្បីជាឯកសារគតិយុទ្ធដ៏មានសក្តានុពលមួយ សម្រាប់ការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ នាពេលអនាគត។

ការពន្លឿននេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងនេះ ដែលធ្វើឡើងកាលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមអគ្គបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្លែងក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា ការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០” នេះឡើង គឺប្រកបដោយអត្ថប្រយោជន៍ និងមានលក្ខណៈចាំបាច់សម្រាប់ប្រើប្រាស់ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដោយគោលនយោបាយនេះ បានគ្របដណ្តប់លើបញ្ហាចំពោះមុខ ព្រមទាំងមានការរៀបចំយុទ្ធសាស្ត្រ ផែនការសកម្មភាព យន្តការ និងអមដោយសូចនាករសំខាន់ៗ សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផងដែរ។
បន្ទាប់ពីអង្គប្រជុំបានពិនិត្យ និងពិភាក្សាលើចំណុចនីមួយៗ នៃសេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ រួចមក ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញឲ្យអង្គប្រជុំទាំងមូល បន្តចូលរួមយ៉ាងសកម្មក្នុងការពិនិត្យ និងពិភាក្សា សំដៅឱ្យសេចក្តីព្រាងគោល នយោបាយដ៏មានសារសំខាន់នេះ កាន់តែមានសុក្រិតភាព និងល្អប្រសើរ។
យ៉ាងណា តាមរយៈកិច្ចពិភាក្សាខាងលើ ដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងនូវសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែច្បាស់លាស់ បន្ថែមទៀត ក្រសួងពាណិជ្ជកម្ម ស្នើឱ្យអង្គប្រជុំពិនិត្យ និងពិចារណា លើចំណុចមួយចំនួនដែលពាក់ព័ន្ធទៅនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើ ប្រាស់ ដែលត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅផងដែរ៕

