នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន មាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបភាពក្នុងពិធីផលិតស្រាបៀរលើកដំបូងរបស់ក្រុមហ៊ុនស្រាបៀរអ៉ិនធើម៉ាទ្រីដមេវើរិច ខេមបូឌា (Inter-Mattrid Beverage Cambodia) ដែលស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈថ្មីរបស់ក្រុមហ៊ុន អ៊ិនធើ ម៉ាទ្រីត បេវើរីច (ខេមបូឌា) ឯ.ក ដែលមានទុនវិនិយោគ ៧៨ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាផ្លូវការ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២០។ សេចក្តីប្រកាសព័ត៌មាន CDC បានឱ្យដឹងថា គម្រោងបង្កើតរោងចក្រនេះ អាចបង្កើតឱកាសការងារដល់ប្រជាជនបាន ៥៥០ កន្លែង។

បុគ្គលិកផ្នែកលក់ក្រុមហ៊ុន អ៊ិនធើ ម៉ាទ្រីត បេវើរីច (ខេមបូឌា) ឯ.ក សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា៖ «ស្រាបៀរគេពេញនិយមខ្លាំងនៅស្រុកយើង គេចូលចិត្តផឹកមិនថាកម្មវិធីអ្វីក៏ដោយត្រូវតែមានស្រាបៀរ ពិសេសកម្មវិធីជប់លៀងធំៗ»។

អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហេង សុខគង់ ធ្លាប់បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានរោងចក្រផលិតស្រាបៀរចំនួន១០ ហើយការបង្កើតរោងចក្រថ្មីៗនេះ រដ្ឋនឹងទទួលបានចំណូលពន្ធរាប់សិបលានដុល្លារក្នុង ១ ឆ្នាំៗពីឧស្សាហកម្មស្រាបៀរ៕


