នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រាតែអចលនទ្រព្យនោះមានតម្លៃលើសពី ១០០លានរៀល ឬប្រហែល ២ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក ដូចជា៖ ដី ផ្ទះ និងអគារ។ ដោយឡែក អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ គឺមានតម្លៃត្រឹម ១០០ លានរៀល ឬតិចជាងនេះ។

យោងតាមមាត្រា ១៤ នៃច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០១០ បានបញ្ជាក់ថា មិនជាប់ពន្ធនោះទេ ប្រភេទអចលនទ្រព្យ ជាទ្រព្យសម្បត្តិរដ្ឋ ចុះបញ្ជីសារពើភណ្ឌជាទ្រព្យសម្បត្តិរដ្ឋ និង ដីកសិកម្ម (ដីស្រែ ដីចម្ការ ដីកសិដ្ឋានចិញ្ចឹមសត្វ ឬដីស្រែអំបិល ជាដើម។

សរុបមក ការកំណត់ប្រភេទអចលនទ្រព្យ ជាប់ពន្ធនៅកម្ពុជា គឺអាស្រ័យទៅតាមទំហំតម្លៃនៃអចលនទ្រព្យនោះ និងទៅតាមប្រភេទកម្មសិទ្ធិ និងការប្រើប្រាស់នៃអចលនទ្រព្យ។ សម្រាប់អ្នកដែលមានអចលនទ្រព្យលើសពី ១០០ លានរៀល មិនសុទ្ធតែត្រូវជាប់ពន្ធលើទ្រព្យនោះទាំងអស់នោះទេ។
សូមជម្រាបថា អចលនទ្រព្យដែលទុកចោលមិនប្រើប្រាស់ ក៏ត្រូវជាប់ពន្ធដែរ ជាពិសេសដីធ្លី ក្នុងករណីដែលដីនោះ ជាដីដែលគ្មានសំណង់ និងដីដែលមានសំណង់ដែរ តែត្រូវបានបោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់៕