ចាប់តាំងពីដំណើរការលក់លេខចុះបញ្ជីរថយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជី យានជំនិះនៅឆ្នាំ២០១៦ រហូតមកដល់ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលពីការលក់លេខចុះបញ្ជីរថយន្តសរុបមានចំនួន ៣១៣ ១៥៧ ៨៦៤ ១០០រៀល គិតជាប្រាក់ដុល្លាអាមេរិកបានចំនួន ៧៨ ២៨៩ ៤៦៦ដុល្លារ ក្នុងនោះ លេខចុះបញ្ជីពិសេសលក់បានចំនួន ២០៥ ០២៣ លេខ ទទួលបានចំណូលសរុប ២១៧ ៥១៦ ៥៥៩ ៤០០ រៀល (៥៤ ៣៧៩ ១៤០ដុល្លារ)។

ចំណែកលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនលក់បានចំនួន ១២ ៩២៦លេខ ទទួលបានចំណូលសរុប ៩៥ ៦៤១ ៣០៤ ៧០០ រៀល (២៣ ៩១០ ៣២៦ដុល្លារ)។
កំណើនយានយន្តដ៏ច្រើននេះ ត្រូវបានមន្រ្តីក្រសួងសាធារណការ គូសបញ្ជាក់ពីការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមាន ផ្លូវថ្នល់ និងស្ពានត្រូវបានតភ្ជាប់ទៅគ្រប់រាជធានី-ខេត្ត ជនបទជិតឆ្ងាយទូទាំងប្រទេស និងតភ្ជាប់ជាមួយប្រទេសជិតខាងក្នុងតំបន់ ដែលបានបង្កលក្ខណ: ងាយស្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូន ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចគ្រួសារនៃប្រជាពលរដ្ឋកម្ពុជា ក៏មានការកើនឡើងផងដែរ ដោយបង្ហាញតាមរយៈការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនៃចំនួនយានយន្ត និងភាពមមាញឹកនៃចរាចរណ៍ដឹកជញ្ជូន។

ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ កក្កដាម្សិលមិញ លោកជំទាវរដ្ឋលេខាធិការ កុយ សុដានី ប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជី បានគូសបញ្ជាក់ពីសារសំខាន់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការផ្សះផ្សារបង្រួបបង្រួមជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននាំមកនូវការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន៖ ផ្លូវ ស្ពាន ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ផ្លូវទឹក កំពង់ផែ ជាពិសេសប្រព័ន្ធគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនក៏ត្រូវបានស្តារ និងអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕
