លោកស្រី កុយ សុដានី៖ ចាប់ពីខែកញ្ញា តម្រូវឱ្យអ្នកបើកបរត្រូវតែយកមកភ្ជាប់ជាមួយនៅតាមដងផ្លូវ គឺប័ណ្ណបើកបរជាប់ខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្តើមអនុវត្តន៍លើការដកពិន្ទប័ណ្ណបើកបររបស់ អ្នកល្មើសច្បាប់ ចាប់ពីខែ កញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW ក្រោមប្រធានបទ «លក្ខណៈពិសេសនៃលេខកម្ពុជា និងលេខរាជធានី-ខេត្ត» នៅថ្ងៃទី២៨ ខែកក្កដាម្សិលមិញ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងសាធារណការ សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំឱ្យមានកម្មវិធីដកពិន្ទុនេះ សំដៅលើការ ដកពិន្ទុលើប័ណ្ណបើកបរយានយន្ត ដែលបានកំណត់ រហូតដល់១២ពិន្ទុ ដែលនឹងមានការចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកញ្ញា ដែលតម្រូវឱ្យអ្នកបើកបរត្រូវ តែយកមកភ្ជាប់ជាមួយនៅតាមដងផ្លូវ គឺប័ណ្ណបើកបរជាប់ខ្លួន។

បើតាមលោកស្រី ឯកសារសំខាន់៣ ដែលត្រូវភ្ជាប់នៅពេលបើកបរតាមដងផ្លូវរួមមាន៖ ប័ណ្ណសម្គាល់យានយន្ត ប័ណ្ណបើកបរយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេស (ឆៀក) ដែលឯកសារ ទាំង៣នេះ នឹងជួយបញ្ជាក់ដល់អ្នកបើកបរ បានបើកបរដោយត្រឹមត្រូវតាមច្បាប់ ដែលទាមទារឱ្យ មានច្បាប់ដើម ដោយមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ ច្បាប់ចម្លងនោះទេ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ដែរថា ចាប់ពីឆ្នាំ២០២២តទៅ ក្រសួងមិនឱ្យអ្នកបើកបរល្មើសច្បាប់បង់លុយហើយ បានរួចខ្លួននោះឡើយ។ ជាវិធានការពិន័យបន្ថែមនោះ ក្រសួងនឹងបង្កើត App ថ្មីមួយទៀត ដើម្បីកត់ពិន្ទុតាមចំនួនកំហុសរបស់អ្នកបើកបរ បើខុសច្រើនដងប័ណ្ណបើកបរនឹងប្រើការលែងបានតែម្តង។

លោកបានសង្កត់ធ្ងន់ថា អ្នកបើកបរល្មើសច្បាប់ ហើយកាត់អស់ចំនួន១២ពិន្ទុ ប័ណ្ណបើកបរនឹងប្រើការលែងបានតែម្តង៕