អ្នកបើកបរយានយន្តគ្រប់ប្រភេទ នៅតាមដងផ្លូវ ត្រូវភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗច្បាប់ដើមចំនួន៣ តាមខ្លួន ដែលរួមមាន ប័ណ្ណសម្គាល់យានយន្ត ប័ណ្ណបើកបរយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេស (ឆៀក) ខណៈដែលក្រសួង អាចនឹងដាក់ឱ្យអនុវត្តន៍លើការដកពិន្ទុប័ណ្ណបើកបរ របស់អ្នកល្មើសច្បាប់ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។

លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់កាលពីព្រឹក ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាវាគ្មិនកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW ថា៖ “សូមជម្រាបថា នៅតាមដងផ្លូវយោងតាមច្បាប់ចរាចរណ៍ផ្លូវគោក គឺឯកសារដែលភ្ជាប់ជាមួយយានយន្ត និងអ្នកបើកបរ ត្រូវតែភ្ជាប់មកជាមួយច្បាប់ដើម ក្នុងនោះឯកសារ៣សំខាន់ៗមាន ប័ណ្ណសម្គាល់យានយន្ត ប័ណ្ណបើកបរយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេស (ឆៀក)។ ឯកសារទាំង៣នេះ បញ្ជាក់ថា ការធ្វើដំណើររបស់បងប្អូនតាមដងផ្លូវគឺស្របច្បាប់ និងត្រឹមត្រូវ ហើយពុំអនុញ្ញាតឱ្យប្រើប្រាស់ច្បាប់ចម្លងនោះទេ”។

លោកស្រី បានបន្ថែមថា កម្មវិធីកាត់ពិន្ទុលើប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំបង្កើតឡើង អាចនឹងចាប់ផ្តើមអនុវត្តន៍លើការដកពិន្ទុប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
“ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំឱ្យមានកម្មវិធីដកពិន្ទុនេះ សំដៅលើការ ដកពិន្ទុលើប័ណ្ណបើកបរយានយន្ត ដែលយើងបានកំណត់ រហូតដល់១២ពិន្ទុ ដែលអាចនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកញ្ញា តទៅ ដូច្នេះតម្រូវឱ្យអ្នកបើកបរត្រូវ តែយកមកភ្ជាប់ជាមួយនៅតាមដងផ្លូវ គឺប័ណ្ណបើកបរនឹងតែម្តង”។ លោកស្រី កុយ សុដានី បានបញ្ជាក់បន្ថែម។

គួររំឭកដែរថា ពាក់ព័ន្ធនឹងកម្មវិធីដកពិន្ទុប័ណ្ណបើកបរនេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ដែរថា ចាប់ពីឆ្នាំ២០២២តទៅ ក្រសួងមិនឱ្យអ្នកបើកបរល្មើសច្បាប់បង់លុយហើយ បានរួចខ្លួននោះឡើយ។ ជាវិធានការពិន័យបន្ថែមនោះ ក្រសួងនឹងបង្កើត App ថ្មីមួយទៀត ដើម្បីកត់ពិន្ទុតាមចំនួនកំហុសរបស់អ្នកបើកបរ បើខុសច្រើនដង ប័ណ្ណបើកបរនឹងប្រើការលែងបានតែម្តង៕