ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ជាខួប ៥ឆ្នាំ នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ «សម្តេចពិជ័យសេនា» កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។

នៅថ្ងៃខួប ៥ឆ្នាំនេះដែល សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញនូវព្រះរាជក្រឹត្យ និងការពន្យល់អត្ថន័យគោរមងារ អមដោយសារក្នុងន័យដើមយ៉ាងដូច្នេះថា៖ ថ្ងៃនេះ ជាខួប៥ឆ្នាំ«២៩ កក្កដា ២០១៧-២៩ កក្កដា ២០២២» ដែលព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារ«សម្តេចពិជ័យសេនា»ដល់រូបខ្ញុំ ដើម្បីបំរើជាតិ មាតុភូមិ។
ក្រសួងព្រះបរមរាជវាំង បានពន្យល់គោរមងារ «សម្តេច ពិជ័យសេនា មានន័យថា អ្នកមានថ្វីដៃឈ្នះក្នុងសង្គ្រាម» ពាក្យ «សម្តេច» ត្រូវបានឲ្យនិយមន័យថា៖ «អ្នកមានតេជះ, អ្នកមានគុណបំណាច់ដ៏ខ្ពង់ខ្ពស់បំផុត» ឯពាក្យ «ពិជ័យ» ផ្តល់ន័យថា៖ «ការឈ្នះ» ចំណែកពាក្យ «សេនា» ត្រូវបានដាក់ន័យថា៖ «អ្នកមានថ្វីដៃ» ។

ត្រឹមឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ មានអាយុ ៧៧ឆ្នាំ មានបងប្អូនបង្កើត ៥នាក់ កើតនៅភូមិកោះស្រឡៅ ឃុំកាពិ ស្រុកកោះកុង ខេត្តកោះកុង។ សម្តេចពិជ័យសេនា ត្រូវបានអង្គសន្និបាតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសុក្រ ទី២៤ធ្នូ ឆ្នាំ២០២១ បសម្រេចបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេបំផុតនៅកម្ពុជា ដែលកាន់អំណាច៦អាណត្តិមកនេះ មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៣៧នាក់ ក្នុងនោះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៣៧នាក់ផងដែរ។

តទៅនេះសារព័ត៌មានឧកញ៉ាញូស៍ បន្តបង្ហាញពីប្រវត្តិការងារសម្តេចពិជ័យសេនា ទៀ បាញ់ ដូចខាងក្រោម៖
- នៅឆ្នាំ១៩៧៩៖ ប្រធានយោធាខេត្តកោះកុង
- ខែកក្កដា ឆ្នាំ១៩៧៩៖ ប្រធានស្នងការហ្វឹកហ្វឺនអគ្គសេនាធិការក្រសួងការពារជាតិ
- ឆ្នាំ១៩៧៩-១៩៨០៖ អនុប្រធានអគ្គសេនាធិការទទួលបន្ទុកវិទ្យុទាក់ទងអាកាសចរ
- ឆ្នាំ១៩៨០-១៩៨២៖ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ទទួលបន្ទុកវិទ្យុទាក់ទងអាកាសចរ បច្ចេកទេស ហិរញ្ញវត្ថុ និងកិច្ចទាក់ទងអន្តរជាតិយោធា
- ឆ្នាំ១៩៨២-១៩៨៤៖ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍
- ឆ្នាំ១៩៨៤-១៩៨៧៖ អនុរដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន និងប្រៃសណីយ៍
- ឆ្នាំ១៩៨៧-១៩៨៨៖ អនុរដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ
- ឆ្នាំ១៩៨៨-១៩៩៣៖ សមាជិករដ្ឋសភា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន និងជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិ
- ឆ្នាំ១៩៩៣-១៩៩៤៖ សហរដ្ឋមន្ត្រីក្រសួងការពារជាតិ
- ឆ្នាំ១៩៩៤-១៩៩៥៖ សហអគ្គមេបញ្ជាការរង និងជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិ
- ឆ្នាំ១៩៩៥-១៩៩៨៖ ទេសរដ្ឋមន្ត្រី និងជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិ
- ឆ្នាំ១៩៩៨-២០០០៖ នាយឧត្ដមសេនីយ៍ផ្កាយមាស៤ ទេសរដ្ឋមន្ត្រី និងសហរដ្ឋមន្ត្រីក្រសួងការពារជាតិ
- ឆ្នាំ២០០០-២០០៤៖ ឧបនាយករដ្ឋមន្ត្រី សហរដ្ឋមន្ត្រីក្រសួងការពារជាតិ
- នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន៖ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕