“អាថ៌កំបាំងក្រៅឆាក”គឺស្នាដៃនិពន្ធសៀវភៅថ្មីរបស់ លោក ពុយ គា ដែលខំចំណាយ១០ឆ្នាំ ដើម្បីតាក់តែងសៀវភៅមានកម្រាស់ជាង២០០ទំព័រនេះទ្បើង។ នេះបើតាមការឲ្យដឹងពី លោក ពុយ គា ដែលត្រូវបានគេដឹងថា ជាអ្នកសារព័ត៌មានជើងចាស់ និងឆ្នើមមួយរូបនៅកម្ពុជា។
ថ្លែងក្នុងកម្មវិធីសម្ភោធសៀវភៅថ្មី និងសន្និសីទសារព័ត៌មានស្តីពីស្នាដៃនិពន្ធរបស់ខ្លួន កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០២២ លោក ពុយ គា បានដឹងថា លោកបានចំណាយពេល១០ឆ្នាំ ដើម្បីតាក់តែងសៀវភៅមានកម្រាស់ជាង២០០ទំព័រនេះទ្បើង ដែលមានលក្ខណៈពិសេស និងខុសប្លែកពីសៀវភៅដែលបានបោះពុម្ពផ្សាយកន្លងមកនៅក្នុងប្រទេស។
លោកបានបញ្ជាក់ថា «ចំណុចដែលប្លែកនោះ គឺចំណងជើង និងក្របសៀវភៅដែលបង្កប់នូវអត្ថន័យអ្វីមួយរហូតដល់អ្នកអានបានបើកមើល ឬបានអានរួចទើបដឹងថាមានអ្វីនៅខាងក្នុង។ អ្នកនិពន្ធរូបនេះបានថ្លែងថា៖ “មានរឿងច្រើនណាស់ដែលត្រូវបានទម្លាយពីកិច្ចប្រជុំអន្តរជាតិធំៗ ទាំងក្នុងស្រុក តំបន់ និងបណ្តាប្រទេសដទៃទៀត ក្នុងនោះមានរឿងរ៉ាវទាក់ទងនឹងមេដឹកនាំល្បីៗរបស់អាស៊ាន និងពិភពលោក ជាពិសេសជីវិតស្នេហា ទម្លាប់ការងារ ឥរិយាបថរបស់មេដឹកនាំ និងភាពមិនចុះសម្រុងគ្នាលើបញ្ហាខ្លះនៅក្នុងតំបន់ ក៏ដូចជាជម្លោះទឹកដីជាដើម”។
អ្នកសារព័ត៌មានវិជ្ជាជីវៈរូបនេះ ក៏បានបន្តថា ក្រៅពីផ្តល់ពុទ្ធិបន្ថែមដល់អ្នកអាន ស្នាដៃនិពន្ធថ្មីនេះរបស់លោកក៏អាចប្រើប្រាស់ជាឯកសារជំនួយស្មារតី ឬឯកសារយោងដ៏មានតម្លៃផងដែរ ពីព្រោះព័ត៌មានដែលលោកប្រមូល និងសម្រិតសម្រាំង គឺបានមកពីប្រភពពាក់ព័ន្ធ និងតាមរយៈការសង្កេតផ្ទាល់របស់លោកនៅនឹងកន្លែងផងដែរ។
លោកបញ្ជាក់ទៀតថា សៀវភៅ “អាថ៌កំបាំងក្រៅឆាក” គឺជាការចម្រាញ់និងច្បិចចេញពីរឿងរ៉ាវជាច្រើនស្ទើររាប់មិនអស់ពីកិច្ចប្រជុំអន្តរជាតិធំៗដែលសុទ្ធតែជារឿងចាប់អារម្មណ៍របស់អ្នកតាមដាននយោបាយ អ្នកសិក្សា និងអ្នកស្រាវជ្រាវ ក៏ដូចជានិស្សិតដែលត្រូវឈ្វែងយល់ពីមេដឹកនាំធំៗរបស់ពិភពលោក។
គួរបញ្ជាក់ដែរថាសៀវភៅ “អាថ៌កំបាំងក្រៅឆាក” ជាស្នាដៃនិពន្ធថ្មីរបស់លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់មួយរូបរបស់កម្ពុជាដែលបានចំណាយពេលអស់១០ឆ្នាំ ទម្រាំអាចប្រសូត្រចេញជាសៀវភៅមួយក្បាលនេះឡើង។ ក្នុងចំណោមរឿងក្រៅឆាកទាំងនោះ ក៏មានការអត្ថាធិប្បាយដល់វគ្គមួយដែលនិយាយអំពីថាត់អតីតប្រធានាធិបតីអាម៉េរិក លោក Barack Obama ប្រើពាក្យអ្វីពេលជួបសម្ដេចតេជោ ហ៊ុន សែន លើកដំបូងក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១២? ហេតុអ្វីគ្រាន់តែលោកអូបាម៉ា “ស្ងាប” នៅកម្ពុជា ល្បីពេញពិភពលោក? និងហេតុអ្វីបានជាសម្ដេចតេជោ សម្រក់ទឹកភ្នែក ក្រោយកិច្ចប្រជុំកំពូលអាស៊ានចប់?។
សៀវភៅនេះ មានកម្រាស់ជាង២០០ទំព័រ ដែលទើបចរាចរនៅប៉ុន្មានថ្ងៃនេះកំពុងកក្រើកទីផ្សារនៅកម្ពុជា ដោយមានការគាំទ្រយ៉ាងច្រើនពីមិត្តអ្នកអាន។តែក្នុងរយៈពេល១សប្តាហ៍ សៀវភៅចំនួនជាង៣ពាន់ក្បាលត្រូវបានលក់អស់ដែលតម្រូវឱ្យមានការបោះពុម្ពជាបន្ទាន់និងបន្តទៀតដើម្បីឆ្លើយតបទៅនឹងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់។
លោក ពុយ គា អ្នកនិពន្ធសៀវភៅ ក៏បានឲ្យដឹងថា លោកគ្រោងបោះពុម្ពបឋមចំនួន៥ពាន់ច្បាប់ ប៉ុន្តែដោយសារមានការចាប់អារម្មណ៍ច្រើនពីមហាជនលោកត្រូវបោះពុម្ពបន្ថែមទៀតប្រហែលរហូតដល់២ឬ៣ម៉ឺនច្បាប់ថែមទៀត៕ អត្ថបទ៖ ពិសី