អភិបាលខណ្ឌចំនួន ៩រូប ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី សម្រេចធ្វើការដោះដូរ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌ ចំនួន ៩រូប នៃរដ្ឋបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ចំនួន ២ទំព័រ បានសម្រេចឲ្យលោក ពេជ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៤ ពីអភិបាលខណ្ឌមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។

ចំណែក លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ អភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលខណ្ឌមានជ័យ។ លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាលខណ្ឌព្រែកព្នៅ។ លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលខណ្ឌ ព្រែកព្នៅ ទៅជាអភិបាលខណ្ឌបឹងកេងកង។ លោក លឹម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលខណ្ឌ ៧មករា ទៅជាអភិបាលខណ្ឌជ្រោយចង្វារ និងលោក ថេង សុថុន ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលខណ្ឌចំការមន ទៅជាអភិបាលខណ្ឌ៧មករា។

នៅក្នុងអនុក្រឹត្យដដែល ក៏បានតែងតាំងអភិបាលខណ្ឌចំនួន ៣រូប រួមមាន៖ លោក សក់ ច័នកញ្ញារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលខណ្ឌពោធិ៍សែនជ័យ។ លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលខណ្ឌចំការមន និងលោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលដូនពេញ។

សូមជម្រាបជូនថា នៅក្នុងអនុក្រឹត្យចុះថ្ងៃតែមួយ ប៉ុន្តែចុះហត្ថលេខាដាច់ដោយឡែកពីគ្នាចំនួន ២ទំព័រផ្សេងទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសម្រេចតែងតាំងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ហ៊ុន សុរិទ្ធី ស្នងការរងខេត្តព្រះសីហនុ ឲ្យឡើងមកកាន់ដំណែងជាអភិបាលរងរាជធានីភ្នំពេញផងដែរ៕