៥ឆ្នាំនៃការកាន់តួនាទីជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច អះអាងថា លោកជួបរឿងរ៉ាវគ្រប់រសជាតិ ដោយលះបង់ពេលវេលាខ្លួនឯង សម្រាប់ស្ថាប័នដែលផ្នែកមួយនៃចលនាឈាមរាជរដ្ឋាភិបាល។

ថ្លែងតាមរយៈទំព័រហ្វេសបុកនៅរសៀលថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២២នេះ បណ្ឌិត សុខ ទូច បានលើកឡើងថា៖ ថ្ងៃនេះ ជាខួប៥ឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់សេចក្តីទុកចិត្ត តែងតាំងរូបខ្ញុំ ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
លោកថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ខ្ញុំបាទ ទទួលបានគ្រប់រសជាតិ គឺស្ទើរតែគ្មានពេលវេលាសម្រាប់ខ្លួនឯង គឺដើម្បីឱ្យស្ថាប័នមានដំណើរការ ព្រោះឋានៈ តួនាទីមិនមែនជាលាភសក្ការៈឬគ្រឿងលម្អទេ តែវាជាអម្រែក។

លោក សុខ ទូច ចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។ លោកកើតនៅឆ្នាំ ១៩៦៥ ដែលមានបងប្អូនប្រាំនាក់ ស្រីពីរនាក់ និង ប្រុសបីនាក់ ស្ថិតនៅភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ថ្មីៗកន្លងទៅ បណ្ឌិត សុខ ទូច បានធ្វើការសិក្សាស្រាវជ្រាវបញ្ហាការទន្រ្ទាន និងកាន់កាប់ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែលលោកចាត់ថាកំពុងមានភាពធ្ងន់ធ្ងរ ស្ថិតនៅក្នុងភាពប្រកាសអាសន្នដែលតម្រូវឲ្យមានការទប់ស្កាត់ជាបន្ទាន់ ពោលគឺអស់រាប់ម៉ឺនហិកតា ហើយលោកបានរាយការណ៍ទៅកាន់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា។ ភ្លាមៗ សម្តេច ហ៊ុន សែន បានចេញបទបញ្ជាឲ្យបង្កើតក្រុមការងារអន្តរក្រសួងចុះស្រាវជ្រាវ និងដកហូតដីព្រែលិចទឹកពីអ្នកមានអំណាច អ្នកជំនួញ និងប្រជាពលរដ្ឋដែលកាន់កាប់ទន្ទ្រានយកដីរដ្ឋ។

លោកបញ្ជាក់ថា “ចំណាត់ការរបស់រដ្ឋាភិបាលពីចម្រុះក្រសួងគឺជារឿងត្រឹមត្រូវ ដើម្បីបង្រ្កាបដោយប្រើប្រាស់កណ្តាប់ដៃដែក”។

+ស្នាដៃបោះពុម្ភផ្សាយរបស់លោក ដូចខាងក្រោម៖
-ចលនាភូមិមួយផលិតផលមួយ បោះពុម្ពឆ្នាំ២០០២
-តួនាទីអង្គការសហប្រជាជាតិ បោះពុម្ពឆ្នាំ២០០៣
-ទ្រឹស្ដីទំនាក់ទំនងអន្តរជាតិ បោះពុម្ពឆ្នាំ២០០៣
-ទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក ចិន និងវៀតណាម បោះពុម្ពឆ្នាំ២០០៧
-វេទិកា បណ្ឌិតសភាលើកទី៣ ស្ដីពីខួបទី១៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ស្ដីពីដំណោះស្រាយនយោបាយរួមនៅកម្ពុជា បោះពុម្ពឆ្នាំ២០០៨
-ទំនាក់ទំនងអន្តរជាតិ កម្ពុជាក្រោមក្រសែភ្នែកមហាអំណាច បោះពុម្ពឆ្នាំ២០០៣
-ទស្សនាវដ្ដីវិទ្យាសាស្ត្ររបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា លេខ ១ បោះពុម្ពឆ្នាំ២០០៨
-ទស្សនាវដ្ដីវិទ្យាសាស្ត្ររបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា លេខ ២ បោះពុម្ពឆ្នាំ២០០៩
-ទស្សនាវដ្ដីវិទ្យាសាស្ត្ររបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា លេខ ៣ បោះពុម្ពឆ្នាំ២០១០
-ទំនាស់ព្រំដែនរវាងប្រទេសថៃនិងប្រទេសជិតខាង បោះពុម្ពឆ្នាំ២០១០

