នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដានេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសអំពាវនាវរកអ្នកថតរូបសម្តេចមួយសន្លឹក ពេលដែលទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀត កាលពីទសវត្សរ៍៩០។
សម្តេចតេជោ ថ្លែងថា លើកដំបូងដែលសម្តេចឃើញរូបថតមួយសន្លឹកនេះ ហើយក៏មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។ យ៉ាងណា សម្តេចបានគូសបញ្ជាក់ពិនិត្យលើស្ថានភាពរូបថតនេះ អាចនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧។
ដោយសម្តេចតេជោ ហ៊ុន សែន សម្គាល់លើអ្នកការពាររបស់សម្តេច មានឈ្មោះវឿន បានមកការពារសម្តេចក្នុងចន្លោះ១៩៨៦ រហូតដល់គាត់ស្លាប់ប្រហែល១០ឆ្នាំមុន។ គាត់បានការពារសម្តេចទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀតជាច្រើន។
សម្តេចថ្លែងថា កូនប្រុសខ្ញុំ ហ៊ុន ម៉ានី ទើបមានវ័យជំទង់អាយុប្រហែល ១៤ ឬ១៥ឆ្នាំ (ម៉ានីកើតខែវិច្ឆកា១៩៨២)។ បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមានអាយុ៤៤ ឬ៤៥ឆ្នាំ។
សម្តេចតេជោបន្ថែមទៀត៖ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនដែលបានថតរូបនេះ ឬបានដឹងមេត្តាជួយប្រាប់តាមរយៈចូលមកខមិនដោយបញ្ជាក់ថា ថតនៅឆ្នាំណា និងនៅទីកន្លែងណា? ខ្ញុំសូមអរគុណទុកជាមុន៕