ប្រមុខការទូតចិន លោក វ៉ាង យី នឹងមកដល់កម្ពុជានាថ្ងៃទី២ សីហា ដើម្បីចូលរួមកិច្ចប្រជុំ

សង្គម​ និង​សេដ្ឋកិច្ច

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងធ្វើ​ដំណើរ​មកដល់​ទីក្រុង​ភ្នំពេញ នា​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២ ខាងមុខ ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (55th AMM and Related Meetings) ដែលកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ នេះ​បើ​តាម​ការអះអាង​រប​ស់​ស្ថានទូត​ចិន​ប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ នឹងមាន​ការចូលរួម​រហូតដល់​ទៅដល់​៣៩ ប្រទេស ទាំង​កកម្ពុជាផង ក្នុងនោះ រដ្ឋមន្ត្រីការបរទេស នៃ​បណ្តា​ប្រទេស​ធំៗ ដូចជា​រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា លោក S. Jaishankar និង​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោក Penny Wong ក៏​នឹង​អញ្ជើញ​មក​ចូលរួម​ផងដែរ​។

ក្នុងនាម​ប្រធាន​អាស៊ាន កម្ពុជា នឹង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (55th AMM and Related Meetings) រួមមាន​ទាំង​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (ASEAN Post Ministerial Conference) កិច្ចប្រជុំ​អាស៊ាន​បូក​៣ លើក​ទី​២៣ (23rd ASEAN Plus Three) កិច្ចប្រជុំ​កំពូល​អា​ស៊ីបូព៌ា​លើក​ទី​១២ (12th East Asia Summit) និង​វេទិកា​តំបន់​អាស៊ាន លើក​ទី​២៩ (29th ASEAN Regional Forum) ចាប់ពី​ថ្ងៃទី​៣១ ខែកក្កដា រហូតដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ តាម​ទម្រង់​ដោយផ្ទាល់​។

ឧបនាយករដ្ឋមន្ដ្រី លោក ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ក៏មាន​កិច្ចប្រជុំ​រវាង​អាស៊ាន និង​ចក្រភព​អង់គ្លេស ដែលជា​ដៃគូ​របស់​អាស៊ាន​លើក​ទី​១ បន្ទាប់ពី​អង់គ្លេស​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប​មក​។ ក្រៅពីនេះ អាស៊ាន​ក៏មាន​ប្រទេស​ចំនួន​៦ ដែល​នឹង​ចុះហត្ថលេខា​ក្លាយទៅជា​ភាគី នៃ​សន្ធិសញ្ញា​មិ​ត្ដ​ភាព និង​កិច្ចសហប្រតិបត្តិការ នៅក្នុង​តំបន់​អាស៊ាន​។ ចំពោះ​ប្រទេស​ទាំង​៦​នោះ គឺមាន​ប្រទេស​៣ មកពី​ម​ជ្ឈឹ​ម​បូព៌ា រួមមាន ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ប្រទេស​អូ​ម៉​ង់ និង​ប្រទេស​កាតា ហើយ​ប្រទេស​៣​ទៀត មកពី​អឺរ៉ុប រួមមាន ប្រទេស​ក្រិច ប្រទេស​ហូ​ឡង់ និង​ដា​ណឺ​ម៉ាក​។

ចំណែក ប្រទេសអ៊ុយក្រែនឯណេះវិញ លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​ក៏បាន​សំណូមពរ​ចង់​ចូលរួម​ជា​ភាគី​ជាមួយ​អាស៊ាន​ដែរ តែដោយសារ​ដាក់ពាក្យ​យឺត ដូច្នេះ​វាយតម្លៃ​នៃ​ការចូលរួម​របស់​អ៊ុយ​ក្រែ​ន ធ្វើ​មិនទាន់​នោះទេ ប៉ុន្តែ​តាមរយៈ​ការពិភាក្សា​ជាមួយ​អគ្គលេខាធិការ​អាស៊ាន ប្រទេស​អ៊ុយ​ក្រែ​ន អាច​ចូលរួម​ជា​ភាគី​ជាមួយ​អាស៊ាន​បាន​នៅ​ឆ្នាំក្រោយ​៕