លោក ឡុង ឌីម៉ង់ គឺជាកូនច្បងនៃកូនពីរនាក់របស់លោក ឡុង វិសាលោ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅថៃ អតីតរដ្ឋលេខាធិការក្រសួងការបរទេស និងជាកូនប្រសាររបស់លោក ញឹម វណ្ណដា អតីតអនុប្រធានអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោក ឡុង ឌីម៉ង់ បានចាប់កំណើតនៅទីក្រុងភ្ភ្នំពេញ ប៉ុន្តែលោកបានចាប់ផ្តើមចូលរៀនបឋមសិក្សារយៈពេលពីរឆ្នាំនៅទីក្រុងឡាហាវ៉ាន (Havana) ប្រទេសគុយបា ពេលឪពុករបស់លោកគឺលោក ឡុង វិសាលោ ធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកុម្មុយនិស្តនេះ រយៈពេល៥ឆ្នាំ ពីឆ្នាំ១៩៨២ដល់ឆ្នាំ១៩៨៧ នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ជំនាន់កុម្មុយនិស្ត។
យ៉ាងណា ក្រោយឪពុករបស់លោកផុតអណត្តិ លោក ឡុង ឌីម៉ង់ បានមកបន្តការសិក្សានៅប្រទេសកម្ពុជារហូតចប់ថ្នាក់វិទ្យាល័យ មុនពេលលោកទៅបន្តការសិក្សានៅប្រទេសបារាំង នៅឆ្នាំ១៩៩៧ រយៈពេល៧ឆ្នាំ។ លោក ឡុង ឌីម៉ង់ ទទួលបានបរិញ្ញាប័ត្រពីសាកលវិទ្យាល័យ Paris Dauphine University ហើយលោកបានបន្តការសិក្សាយកអនុបណ្ឌិត្យនៅសាលា Ecole des Hautes ‘Etudes Internationale។

ក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសបារាំងនៅឆ្នាំ២០០៤ លោក ឡុង ឌីម៉ង់ បានចាប់ផ្តើមការងារជាជំនួយការរបស់លោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ នៅឆ្នាំ២០០៥ មុនពេលលោកក្លាយជាអ្នកនាំពាក្យ និងជាអនុប្រធានផ្នែករដ្ឋបាលនៅសាលាក្រុងភ្នំពេញ។ តួនាទី និងតំណែងរបស់លោកបានឡើងជាបន្តបន្ទាប់ នៅពេលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច កំពុងធ្វើកំណែទម្រង់ ដោយការបញ្ចូលមនុស្សជំនាន់ថ្មីរបស់គណបក្សនេះ ចូលកាន់តំណែងសំខាន់ៗជាបណ្តើរៗ ជំនួសកម្មាភិបាលចាស់សល់ពីសម័យកុម្មុយនិស្ត។
ក្នុងដំណែងជាអ្នកនាំពាក្យ និងជាអនុប្រធានរដ្ឋបាលនៃសាលារាជធានីភ្នំពេញ នៅឆ្នាំ២០១៦ លោក ឡុង ឌីម៉ង់ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទូរស័ព្ទមកប្រាប់អំពីការតែងតាំងលោកជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមលោក ឡុង ឌីម៉ង់ ថ្លែងប្រាប់ VOA ក្នុងបទសម្ភាសន៍កាលពីពេលកន្លងទៅ។
នៅខែកញ្ញា ឆ្នាំ២០២១ លោកត្រូវបានផ្លាស់ប្តូរចេញពីឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង ជំនួសដោយលោកស្រី ច្រឹង បទុមរង្សី ហើយបានចូលបំពេញការងារ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងវ័យ ៤១ឆ្នាំ លោក ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។ នៅក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្ត ជូនលោក ឡុង ឌីម៉ង់ បានប្រកាសបេជ្ញាចិត្តបន្តគោរពរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ហើយនិងពង្រឹងជួយកៀងគរវិនិយោគិនបរទេស មកបណ្តាក់ទុនលើគ្រប់វិស័យ សំដៅអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយជាទីក្រុងឆ្លាតវៃ ទំនើប បរិស្ថានល្អ បរិយាកាសរស់នៅប្រកបដោយផាសុខភាព និងជីវចម្រុះ។

ពិសេសទៀតនោះ លោក ឡុង ឌីម៉ង់ ក៏បានប្តេជ្ញាជួយសម្របសម្រួល និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាអង្គទូត អង្គការ-សមាគមអន្តរជាតិនានា បណ្តាទីក្រុងសម្ព័ន្ធមេត្រីភាព-ទីក្រុងមិត្តភាពរបស់កម្ពុជា ដើម្បីកៀងគរជំនួយសប្បុរសធម៌ពីគ្រប់មជ្ឈដ្ឋាន ទាំងផ្នែករឹង និងផ្នែកទន់ សំដៅបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តីរាជការ ឆ្លើយតបនឹងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕