សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បើកកិច្ចប្រជុំមួយដែលចូលរួមពីក្រុមការងារ Continent Asset Management និងតំណាងស្ថាប័នមេធាវី ETC ដើម្បីស្វែងរកដំណោះស្រាយបញ្ហាជាប់គាំក្នុងវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ ក្រោមវត្តមាន ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។
កិច្ចប្រជុំបានពិភាក្សាករណីសំខាន់ៗចំនួន ៣ទាក់ទងនឹងវិស័យអចលនទ្រព្យ និងវិនិយោទុនលើសំណង់អគារដីធ្លីជួលដែលគាំងស្ទះនៅទីក្រុងព្រះសីហនុ ដែលជាផ្នែកដ៏សំខាន់មួយនៃការយកចិត្តទុកដាក់ របស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះ។
សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានឲ្យដឹងថា អង្គប្រជុំបានយកចិត្តទុកដាក់ក្នុងការផ្តល់និងប្រមូលធាតុចូលដោយមានការរួមមតិយោបល់ពីមេធាវីអាជីពពីស្ថាប័នមេធាវី ETC ក្នុងទិសដៅមួយស្វែងរកដំណោះស្រាយសមស្របទទួលយកបានប្រកបដោយភាពឈ្នះ-ឈ្នះ។
គួររម្លឹកថា វិស័យសំណង់ក្នុងខេត្ដព្រះសីហនុ គិតចាប់តាំងពីឆ្នាំ ២០១៧ រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២១ មានសំណង់សរុប ១ ៦៦១ គម្រោង ជាមួយទុនវិនិយោគ មានប្រមាណជាង ៨ ៤០០ លានដុល្លារអាមេរិក។ ក្នុងនោះសំណង់អគារខ្ពស់ចាប់ពី ៥ ជាន់ រហូតដល់ ៥៣ ជាន់ គឺមានចំនួន ៦២០ គម្រោង។
ស្ថិតក្នុងវិបត្តិកូវីដ១៩ ក្រុមវិនិយោគិនចិនភាគច្រើនដែលវិនិយោគនៅខេត្តព្រះសីហនុ បានត្រឡប់ទៅស្រុកកំណើតវិញ ដោយបន្សល់ទុកអគារជាច្រើនគម្រោងជាប់គាំង ខ្លះមានវិវាទ ខណៈសំណុំរឿងខ្លះឡើងដល់ដៃតុលាការទៅហើយ ប៉ុន្តែភាគច្រើនមានម្ចាស់ទីតាំងជាជនជាតិខ្មែរ។
ស្របពេលជាមួយគ្នានេះ ថ្មីៗនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការរួមគ្នាជាមួយវិស័យឯកជនដើម្បីឲ្យអគារ ១១៥០ទីតាំងរស់ឡើងវិញ។ យ៉ាងណា គិតមកដល់ចុងខែកក្កដានេះនៅមិនទាន់មានដំណោះស្រាយជាវិជ្ជមានណាមួយឡើយ៕