កាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ដែលជាស្វាមីរបស់លោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំកងកម្លាំងជាច្រើនប្រភេទ រួមទាំងកងកម្លាំងនៅនាយកដ្ឋានអង្គរក្ស ចុះត្រួតពិនិត្យតាមទីតាំងនានា ដើម្បីធានាការពារសុវត្ថិភាពជូនគណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានអញ្ជើញចុះទៅត្រួតពិនិត្យផ្ទាល់ នៅទីតាំងប្រជុំធំ នៅសណ្ឋាគារសុខាភ្នំពេញ ដោយបានអង្កេតពិនិត្យលើសម្ភារៈ បរិក្ខា និងរបស់ប្រើប្រាស់នានា ព្រមទាំងប្រើសុនខ ដើម្បីហិតក្លិនស្វែងរកអាវុធ ឬគ្រឿងផ្ទុះនៅតាមបន្ទប់ទទួលភ្ញៀវ បន្ទប់ប្រជុំ និងនៅតាមសួនសាធារណៈសំខាន់ៗនានា ក្នុងរាជធានីភ្នំពេញ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នឹងមានការចូលរួមរហូតដល់ទៅ ៣៩ ប្រទេស ទាំងកម្ពុជាផង ក្នុងនោះ រដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសធំៗ ដូចជារដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ក៏នឹងអញ្ជើញមកចូលរួមផងដែរ៕