រដ្ឋ ហាមសមាជិករាជរដ្ឋាភិបាលបំពេញ​មុខងា​រ​ពីរ​កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលថ្នាក់កណ្តាល ឬ ថ្នាក់ជាតិគឺនៅទីស្តីការគណៈរដ្ឋមន្រ្តី ទីស្តីការ​ក្រសួង​ ទីស្តីការ​រដ្ឋ​លលេខាធិការដ្ឋាននិងទីស្តីការ​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត ដែល​ភាគច្រើន​ស្ថិតនៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសមាសភាពរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ពីវិសមិតភាព ដែលជាការ​ហាមឃាត់​ចំពោះ​សមាជិករាជរដ្ឋាភិបាល​មិនឱ្យ​បំពេញមុខងារច្រើន ក្នុងពេលតែមួយ ​ក្នុងអាណត្តិរបស់ខ្លួន។ នាយករដ្ឋមន្ត្រី និងសមាជិក​រាជរដ្ឋាភិបាល​ មានវិសមិតភាព​នឹង​សកម្មភាព​ខាងវិជ្ជាជីវៈ ​ពាណិជ្ជកម្ម​ ឬឧស្សាហកម្ម និងការកាន់​តំណែង​​មុខងារសាធារណៈ​​ណាមួយ។

សូមបញ្ជាក់ថា ​វិសមិតភាព មានន័យថា ភាព​ដែល​មិនអាច​មាន ឬ​មិនអាច​ធ្វើការ​ចូលគ្នា​បាន អ​លទ្ធភាព​តាម​គន្លង​ច្បាប់​ដែល​មិនអាច​ឲ្យ​មនុស្ស​ម្នាក់​បំពេញ​មុខងា​រ​ពីរ​កន្លែង​បាន​។

រាជរដ្ឋាភិបាល​ មានសមាសភាព ដូចជា៖ «នាយករដ្ឋមន្រ្តី ឧបនាយក​រដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តី​ជាប្រមុខនៃរាជរដ្ឋាភិបាល ចំណែក​ឧបនាយក​រដ្ឋមន្ត្រី​ ទេសរដ្ឋមន្រ្តី​ និងរដ្ឋមន្រ្តី​គឺ​ជាសមាជិក​រាជរដ្ឋាភិបាល។ ឧប-​នាយករដ្ឋមន្រ្តី ​មានអាសនានុក្រម​លើសមាជិក​ដទៃទៀត»។

ដោយឡែក សម្រាប់ដំណែងរដ្ឋលេខា​ធិការ និងអនុ​រដ្ឋ​លេខាធិការ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាម​សំណើ​​របស់នាយករដ្ឋមន្រ្តី។ ហើយរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការ​មិនមែន​ជាសមាជិករាជរដ្ឋាភិបាលនោះទេ ហើយ​ក៏មិនមែន​ជាភ្នាក់ងារ​រដ្ឋបាល​​អចិន្រ្តៃយ៍ដែរ។

សម្រាប់មុខងារសំខាន់ៗរបស់រដ្ឋាភិបាល គឺត្រូវកំណត់​ និង អនុវត្តនយោបាយ​ ព្រមទាំង​ដឹកនាំកិច្ចការ​ទូទៅ​របស់រដ្ឋ តាមកម្មវិធី​នយោបាយ​ និង ផែនការ​រដ្ឋ ដែល​បានអនុម័ត​ស្របតាមគោលការណ៍​ដែលចែង​ក្នុងរដ្ឋ​ធម្មនុញ្ញ។

ជាមួយគ្នានេះ ក៏ត្រូវធានា​ការអនុវត្ត​ច្បាប់​ដែលស្ថាប័ន​នីតិប្បញ្ញត្តិ​ បានអនុម័ត​ឱ្យ​មាន​ប្រសិទ្ធភាព ​ដើម្បី​ធ្វើឱ្យសង្គម​​មានភាពសុខសាន្តនិង រីកចម្រើន​ ក្លាយ​ជាប្រទេសមាន​នីតិរដ្ឋ​។

ទន្ទឹមនឹងនេះ ក៏មានតួនាទីគ្រប់គ្រង បញ្ជា​ ប្រើប្រាស់​យោធា នគរបាល កម្លាំង​ប្រដាប់​អាវុធ​ផ្សេងៗ​ទៀត​ និង ​រដ្ឋ​បាល​ក្នុងការ​ធ្វើសកម្មភាពរបស់ខ្លួនផងដែរ។

លើសពីនេះ សមាជិក​ទាំងឡាយ​នៃរាជរដ្ឋាភិបាល ​ទទួលខុសត្រូវ​រួមគ្នា​ចំពោះ​រដ្ឋសភា​ អំពីនយោបាយ​ទូទៅរបស់រ​ដ្ឋាភិបាល​។ សមាជិក​មួយរូប​ៗ​ទទួល​ខុសត្រូវ​រៀងៗ​ខ្លួន​ចំពោះនាយករដ្ឋមន្ត្រី​ និង ​ចំពោះរដ្ឋសភា​ អំពី​ការ​ដែលខ្លួនបានប្រព្រឹត្ត ​(មាត្រា១២១ថ្មីនៃរដ្ឋធម្មនុញ្ញ)។

សមាជិក​ទាំងឡាយ​នៃរាជរដ្ឋាភិបាល​មិនអាច​យកសំអាង​នៃសេចក្តីបង្គាប់​ជា​លាយ​លក្ខណ៍អក្សរ ឬ ដោយ​វាចា​អំពី​នរណាមួយដើម្បីដោះ​សាឱ្យ​រួច​ពីការ​ទទួល​ខុសត្រូវ​របស់ខ្លួន​បានឡើយ។

គួររម្លឹកផងដែរថា ដើម្បី​ដឹក​នាំប្រទេស រាជ​រដ្ឋាភិបាល​មាន​ស្ថាប័ន​មួយចំនួន​ដែលខ្លះមាន​ឈ្មោះ​ថា «ក្រសួង» ខ្លះទៀត​មានឈ្មោះ​ថា «រដ្ឋលេខាធិការដ្ឋាន»៕