កិច្ចប្រជុំពិសេសរយៈពេល ៤ថ្ងៃនៅភ្នំពេញ បញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា មិនមែនក្នុងរបៀបវារៈ

សង្គម​ និង​សេដ្ឋកិច្ច

ទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ដែលទើបតែត្រូវ​បានប្រ​ហារជីវិតមនុស្ស ៤នាក់កាលពីពេលថ្មីៗនេះ មិន​មាន​​នៅក្នុង​របៀប​វារៈ នៃកិច្ចប្រជុំពិសេស​លើកទី១ ឆ្នាំ២០២២​ របស់គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុកសិទ្ធិមនុស្ស ​(អាយឆា-ICHR) នៅសណ្ឋាគារកាំបូឌីយ៉ាណា ​រាជធានីភ្នំពេញ​ រយៈ​ពេល៤ ថ្ងៃ ដោយចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា។ នេះបើតាមការអះអាងពីលោកស្រី អ៊ុច និពន្ធ ​អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ​និងបណ្តឹង នៃគណៈកម្មាធិ​ការសិទ្ធិ​មនុស្សកម្ពុជា និងជាជំនួយការលេខាធិការដ្ឋានអាយឆា តំណាងកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះមាន​ការប្រហា​ជីវិតសកម្មជនប្រឆាំងនៅប្រទេសមីយ៉ាន់ម៉ា ៤រូបរបស់គណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ ក្នុងនោះរួមមាន សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ លោក ក្យរ មីនយូ ឬត្រូវបានគេស្គាល់ថា ជីមី អតីតសមាជិកសភានៃគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី លោក ភ្យូ ហ្សេយ៉ា ថរ លោក ឡា មីយូ អោង និងលោក អោង ធូរ៉ា ហ្ស កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

សេចក្តី​ថ្លែងការណ៍​មួយ ​ចុះ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២​របស់​ប្រធាន​អាស៊ាន ​ឱ្យ​ដឹង​ថា​អាស៊ាន​ពិត​ជា​មាន​«ក្តី​តក់ស្លុត» និង​«សោកសៅ​យ៉ាង​ក្រៃលែង» ដោយសារ​ការ​ប្រហារ​ជីវិត​សកម្មជន​៤​នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បើ​ទោះ​មាន​ការ​ស្នើ​សុំឱ្យ​ពិចារណា​ឡើង​វិញ​លើ​ការ​សម្រេច​ផ្តន្ទាទោស​លើ​សកម្មជន​ទាំង​នោះ ពី​សំណាក់​ប្រធាន​អាស៊ាន និង​រដ្ឋ​ជា​សមាជិក​ផ្សេង​ទៀត។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា៖ «នេះ​ជា​បញ្ហា​ដែល​អាស៊ាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង»។

លោកស្រី អ៊ុច និពន្ធ បានបញ្ជាក់ក្នុងពេលផ្តល់បទសម្ភាសជាមួយអ្នកកាសែត ថា ជំហររបស់អាយឆាកម្ពុជា គឺគាំទ្រទៅលើសេចក្តីថ្លែងការណ៍​របស់ក្រសួងការ​បរទេសកម្ពុជា ប៉ុន្តែដោយឡែកនៅក្នុងកិច្ចប្រជុំនេះ ករណីនេះមិនក្នង របៀបវារៈទេ ប៉ុន្តែប្រសិន​បើមានការលើកឡើងពីសមាជិកណាមួយ គឺអាចនឹងមានការពិភាក្សាខ្លះដែរ។

យ៉ាងណា ប្រធាន​អាស៊ាន​បានជំរុញឱ្យរបប​យោធា​ចាត់​វិធានការ​ជាក់ស្តែង​ ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀងឱ្យ​បាន​ពេញ​លេញ​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព។

សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា​ អាស៊ាន​នៅ​តែ​តាំង​ចិត្ត​រក​វិធីសាស្ត្រ​ជួយ​មីយ៉ាន់ម៉ាឱ្យ​ទៅ​រក​ប្រក្រតីភាព​វិញ​ និង​ដំណើរការ​កែប្រែ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ ហើយ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​បច្ចុប្បន្ន។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២២ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ស្នើ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ​ឱ្យ​ពិចារណា​ឡើងវិញ ចំពោះ​ការ​សម្រេច​កាត់ទោស​ប្រហារជីវិតក្រុម​ប្រឆាំង ដែល​លោក​ថា​វា​នឹង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​អវិជ្ជមាន​រីក​រាលដាល​ពេញ​សហគមន៍​អន្តរជាតិ​ និង​ប៉ះពាល់​ចំណុច​ឯកភាព​ទាំង​៥ ​កាល​ពី​កន្លង​ទៅ។

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។​ ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។​ ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បីផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្របសម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។​ ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ ទី​៥​ ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់៕