បេសកកម្ម ៧ចំណុចធំៗ ក្រសួងដាក់ចេញដើម្បីជំរុញវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងប្រៃសណីយ៍ គឺជាក្រសួងដែលធ្វើការជំរុញការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាលើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីចូលរួមជំរុញ ការអភិវឌ្ឍសង្គម កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងប្រៃសណីយ៍ ដឹកនាំដោយលោក ជា វ៉ាន់ណេត ជារដ្ឋមន្ត្រី ក្រោយពីការរុះរើគណៈរដ្ឋមន្រ្តីថ្មីនៅពាក់កណ្តាលអាណត្តិនេះ ដែលជាឈាមថ្មីជាបញ្ញាវ័ន្តក្រោមវ័យចំណាស់ ដែលចេញមកពីនិស្សិតអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។

តាមរយៈគេហទំព័រផ្លូវការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនៅគោលការណ៍ជាបេសកកម្មធំ ៧ចំណុច ដើម្បីជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍៖

១- ដឹកនាំ និងគ្រប់គ្រងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី និងសមធម៌សង្គម។
២- ពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងរឹងមាំ ល្បឿនលឿន សុវត្ថិភាព និងជឿទុកចិត្ត ឱ្យបានដល់គ្រប់ទីកន្លែងនៅកម្ពុជា ។
៣- អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឱ្យមានលក្ខណៈទំនើប មានគុណភាពខ្ពស់ មានតម្លៃសមរម្យ និងមានសេវាគ្របដណ្ដប់ទូទាំងប្រទេសដែលប្រជាជនទូទៅអាចប្រើប្រាស់ និងទទួលបានផលប្រយោជន៍ពីសេវានេះ។

៤- អភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិចនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការសម្របសម្រួលការគ្រប់គ្រងកិច្ចការរដ្ឋបាលរវាងក្រសួងស្ថាប័នជាសេនាធិការរបស់រាជរដ្ឋាភិបាល និងការផ្តល់សេវាសាធារណៈជូនប្រជាជន ប្រកបដោយភាពរហ័ស ប្រសិទ្ធភាព តម្លាភាព សុវត្ថិភាព សន្សំសំចៃខ្ពស់ និងចំណេញពេលវេលា។
៥- ជំរុញការបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់ និងផលប្រយោជន៍ នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន តាមរយៈការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាពមន្ត្រីរាជការ សិស្ស និស្សិត រួមទាំងវិស័យឯកជន។
៦- លើកទឹកចិត្តវិនិយោគិនធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងធ្វើការ រៀបចំអភិក្រម ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍលើវិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

៧- ជំរុញប្រតិបត្តិករនៃវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន អនុវត្តសិទ្ធិ និងកត្វកិច្ច ស្របតាម លក្ខខណ្ឌ និងបទបញ្ញត្តិជាធរមាន ដើម្បីធានាការប្រកួតប្រជែងដោយ ស្របច្បាប់ និងស្មោះត្រង់ និងដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់៕