លោក អ៊ាង និតិភពដេនីស ដែលជាអនាគតកូនប្រសាររបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកសិក្សាអន្តរជាតិ និងការទូត (Masters of International Studies and Diplomacy) នៅសាកលវិទ្យាល័យ SOAS University of London នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
លោក និតិភពដេនីស គឺជាកូនប្រុសរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយាលោកជំទាវ ជា សុផាកន្នី។ ឯកឧត្តម អ៊ាង សុផល្លែត បានបង្ហោះសារលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ថា៖ “អបអរកូនសម្លាញ់ ដែលបានទទួលសញ្ញាបត្រអនុបណ្ឌិត”។
“បន្ទាប់ពីត្រូវពន្យាពេលអស់រយៈពេល១ឆ្នាំ ដោយសារកូវីដ-១៩ ទីបំផុតខ្ញុំអាចទៅចូលរួមពីធីទទួលសញ្ញាបត្របានហើយ។ អនុបណ្ឌិតផ្នែកសិក្សាអន្តរជាតិ និងការទូត រៀនចប់ឆ្នាំ២០២១”។ លោក និតិភពដេនីស បានបង្ហោះសារលើបណ្តាញសង្គម។
លោក និតិភពដេនីស បានចូលរោងសិរីមង្គលពិធីចូលចែចូវជាមួយអនាគតភរិយារបស់ខ្លួន កញ្ញា ឃួន ស៊ីណាម៉ាលីន (កូនស្រី របស់ឯកឧត្តម ឃួង ស្រេង) កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២។ ក្នុងឱកាសទទួលសញ្ញាបត្រនេះ គូដណ្តឹងរបស់លោក ក៏បានធ្វើដំណើរទៅប្រទេសអង់គ្លេសរួមគ្នាផងដែរ។
គួរបញ្ជាក់ថា សាកលវិទ្យាល័យ SOAS University of London ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅចក្រភពអង់គ្លេស និងនៅលើពិភពលោក។ សាកលវិទ្យាល័យនេះ បង្កើតឡើងតាំងពីឆ្នាំ១៩១៦ ហើយមានកម្មវិធីសិក្សាស្រាវជ្រាវស៊ីជម្រៅទៅលើតំបន់អាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា។ SOAS University of London បានជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក លើកម្មវិធីសិក្សាផ្នែកអភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០២២៕