ឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បានចេញមកប្រតិកម្មជុំវិញរឿងរ៉ាវផ្ទុះតាមបណ្តាញសង្គមហ្វេសបុកពាក់ព័ន្ធអបិយជំនឿរូបភាពគល់ឈើដែលល្បីល្បាញថាមានបារមីស័ក្តិសិទ្ធិពូកែ បន់ស្រន់ភ្លាមបានផលភ្លើត ដោយអ្នកខ្លះជឿថាបន់ស្រន់មិនដល់១០ម៉ោងផងទទួលបានផ្លែផ្កាពិតៗ។
ជុំវិញបញ្ហានេះ ឧកញ៉ា ជា តុងហ៊ួរ បានប្រតិកម្ម និងស្នើឲ្យប្រជាពលរដ្ឋមានស្មារតីឡើងវិញ ហើយជឿអ្វីត្រូវប្រកបដោយបញ្ញា ប៉ុន្តែប្រសិនបើជឿសូមជឿលើបារមីខ្មែរ ដែលមានរាប់ទស្សវត្សន៍ កុំទៅជឿបារមីបរទេសដែលចម្លងវប្បធម៌ខ្មែរទៅកែខៃច្នៃបញ្ចូលធ្វើជាវប្បធម៌ខ្លួនឯងនោះអី។
លោកឧកញ៉ាថ្លែងថា គល់ឈើនៅសៀម ត្រូវបានអ្នកលក់ Online ល្បីៗមួយចំនួននៅខ្មែរបំផុសបំផុលឲ្យមានការបន់ស្រន់សុំលាពសំណាង ក្រោយពីសៀមដៀលខ្មែរសឹងមួយប្រទេសពីរឿងផ្ការំដួល។ លោកថា ឈប់បំពុលសង្គមខ្មែរទៀតទៅ ល្មមៗបានហើយ។
ថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍ឧកញ៉ា ជា តុងហ៊ួរ គូសបញ្ជាក់ថា៖ «នៅមិននៅទៅសំពះដើមឈើ ផ្អើលពេញស្រុកខ្មែរ ខ្លួនឯងមិនជឿខ្លួនឯងផង ទៅជឿរគល់ឈើ…? បន់គល់ឈើស្រុកឯងមិនគ្រប់គ្រាន់… ឲ្យប្រជាជនខ្ញុំបន់គល់ឈើបរទេស។ ព្រះពុទ្ធឲ្យជឿលើតែសេចក្ដីពិតប្រាកដ ហើយរបស់ដែលអាចពឹងពាក់បានគឺមានតែខ្លួនឯងប៉ុណ្ណោះ អត្តាហិអត្តនោនាថោ»។
លោកឧកញ៉ាបន្តថា៖ «ជំនឿ ឆ្កួតៗនាំឲ្យខូចប្រាជ្ញា ចង់បានឈើអញ្ចឹងខ្វះអី ពាក់ខោអាវៗឲ្យស្អាតៗ លាភពណ៍មាស ស្អាតជាងថៃទៀត ហួសចិត្តដល់ឃើញអញ្ចឹង។ ធ្វើរូបសំណាក់ព្រះ អេលានមកពីភពព្រះអង្គារ ចាំមកថ្វាយបង្ខំទៅ ហួសចិត្តជំនឿខុសឆ្កង ឈប់បន្តទៀត មិនចំណេញទេ»។
បើតាមលោកឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បាយកកនៅក្នុងដៃ មានតម្លៃជាង Pizza នៅក្នុងកញ្ចាក់ទូរស្សន៍។ ចង់មានបានប្រឹងរៀន ប្រឹងសេពគប់មិត្តល្អ ប្រឹងអភិវឌ្ឍខ្លួន ចេះសន្សំសំចៃ មិនមែនប្រឹងបន់ស្រន់ដើមឈើទេ។ ចង់មានត្រូវខំប្រឹងរកលុយ ប្រឹងរកស៊ីកុំឲ្យបន់ស្រន់ដើមឈើខុសរបៀប បន់មិចក៏មិនមានដែរ បើមិនប្រឹងរកស៊ី។
លើសពីនេះលោកឧកញ៉ា ក៏បានរំលេចរឿងវ៉ាវកំពុងល្បីផ្សេងទៀតដែលោកឧកញ៉ាចាត់ទុកថា បានចូលរួមបំពុលសង្គមកាលពីថ្មីៗនេះ ដោយលើកឡើងថា ទ្វារនរកបើក ៣០ថ្ងៃ យកតាមក្បួនចិន ដែលគេលុបបំបាត់ឈប់ប្រើការ។ លោកឧកញ៉ាថា៖ «ខ្ញុំកូនចៅចិន ដូនតាខ្ញុំនៅស្រុកចិន គេថា គេលុបបំបាត់យូរហើយ គេលែងជឿរហើយ ខ្ញុំឃើញ ចង់តែសើច នាំគេ share ភ័យពេញប្រទេស។ សូមឈប់បំពុលសង្គម បំពុលប្រជាជន បំពុលសាសនា បន្តទៅទៀតទៅ។
ទន្ទឹមនឹងនោះ លោកឧកញ៉ា ជា តុងហ៊ួរ ក៏បានលើកយកព្រះពុទ្ធដីកា គ្រប់សាសនាណាក៏ដោយប្រសិនបើប្រកបដោយអង្គ៨ប្រការនោះ គឺចាត់ទុកថាប្រសើរណាស់ នោះគឺ៖ ១. ការយល់ត្រូវ ២. ការគិតត្រូវ ៣. ការនិយាយត្រូវ ៤. ការធ្វើអំពើត្រូវ ៥. ការចិញ្ចឹមជីវិតត្រូវ ៦. ការព្យាយាមត្រូវ ៧. ការមានសតិត្រូវ និង ៨. ការធ្វើចិត្ត ឬការតាំងចិត្តត្រូវ៕