ក្នុងឆមាសទី១នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំចូលវត្ថុធាតុដើម និងសម្ភារៈសំណង់ ដោយចំណាយជាទឹកប្រាក់អស់ប្រមាណ ១២៧០លានដុល្លារ ។

បើតាមរបាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការនាំចូលវត្ថុធាតុដើម និងសម្ភារៈសំណង់ឈរលើលេខរាងទី៣ បន្ទាប់ពីការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ និងនាំចូលប្រេងឥន្ទនៈ។
របាយការណ៍ដដែលនេះបានគូសបញ្ជាក់ថា កត្តាអំណោយផលក្នុងស្រុក នៃការបើកប្រទេសពេញលេញបន្ទាប់ពីជម្ងឺកូវីដ១៩ សកម្មភាពសង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការងើបឡើងនៃសេដ្ឋកិច្ចសកល បានជំរុញការនាំចេញផលិតកម្មន្តសាល និងគាំទ្រដល់សកម្មភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

គួររំឮកថា ការនាំចូលម្ភារសំណង់ក្នុងឆមាសទី១ឆ្នាំ២០២២នេះ កើនឡើងប្រមាណ ១០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ដោយឡែកក្នុងឆ្នាំ២០២១ កម្ពុជានាំចូលវត្ថុធាតុដើមនិងសម្ភារៈសំណង់ មានតម្លៃសរុបប្រមាណ ២៥៦៧ លានដុល្លារ កើនឡើងពី ២០២០លានដុល្លារក្នុងឆ្នាំ២០២០៕