ស្ថានភាពបំណុលបច្ចុប្បន្នរបស់កម្ពុជា ដែលគិតមកដល់ពេលនេះ មានចំនួន៩.៨១ប៊ីលានដុល្លារ។ទន្ទឹមគ្នានេះ បើគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានសងបំណុលទាំងទ្វេភាគី និងពហុភាគីបានចំនួន ១៨៣លានដុល្លារផងដែរ។ នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែសីហា។

ថ្លែងក្នុងសន្និសីទនោះ លោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ស្ថានភាពបំណុលកម្ពុជា ត្រូវបានវាយតម្លៃថា អាចគ្រប់គ្រងបាន និងមិនមានហានិភ័យ ឬបារម្ភពីបំណុលវ័ណ្ត.កនោះទេ ដោយបច្ចុប្បន្ននេះ បំណុលកម្ពុជាស្ថិតក្នុងក្នុងអនុបាតគោល ក្នុងរង្វង់៣៣ ទៅ៣៥%ប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ការវាយតម្លៃកម្រិតគ្មានហានិភ័យនៃបំណុលរបស់កម្ពុជានេះ ត្រូវបានទទួលស្គាល់ដោយស្ថានប័នអន្តរជាតិល្បីដូច មូលនិធីរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាដើម។
លោកក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងបំណុលនេះ ដោយម៉ត់ចត់បំផុត ហើយការខ្ចីក៏ធ្វើឡើងដោយមានគោលដៅច្បាស់លាស់ផងដែរ ពោលគឺកម្ចីនេះត្រូវបានយកឱ្យប្រើប្រាស់ សម្រាប់ការវិនិយោគផ្សេងៗ ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព។
គួរបញ្ជាក់ដែរថា បើយោងតាមព្រឹត្តិបត្រស្ថិតិបំណុល ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងចំណោមបំណុលជាង៩.៨១ប៊ីលានដុល្លារនេះ កម្ពុជាជំពាក់ចិនប្រមាណ ៤១% ដែលមានចំនួន ៣ ៩៩៣.៨៦លានដុល្លារ, បារាំង ចំនួន៤៧០.៥៩លានដុល្លារ ស្មើនឹង៥%, ជប៉ុនចំនួន ១០២០.៧៣លានដុល្លារ ដែលស្មើនឹង១០% និងកម្ចីពីដៃគូអភិវឌ្ឍនានា ក្នុងក្របខណ្ឌពហុភាគីមានចំនួន ៣២% ក្នុងទំហំទឹកប្រាក់ ៣១២០.៣៧លានដុល្លារ និងក្រៅពីនោះ គឺកម្ចីពីប្រទេសកូរ៉េខាងត្បូង ឥណ្ឌា ថៃ និងវៀតណាម ព្រមទាំងបំណុលមរតក។
នៅក្នុងត្រី មាសទី១ ឆ្នាំ០២២នេះ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុល ជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ១៨៣.០៣ លានដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការទូទាត់បំណុលក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ មានកំណើនប្រមាណ ៣៣%៕